ខេត្តរតនគិរី៖សេចក្តីរាយការណ៍បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សរុបមានចំនួនកម្មករក្នុងក្រុមហ៊ុន ថាកូ (ចំការចេក) បាត់បង់ជីវិតមានចំនួន ០៦នាក់ហើយ។
យោងតាមរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ សុខ មេសា ភេទប្រុស អាយុ៦០ឆ្នាំ ស្លាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ស្លាប់នៅមណ្ឌលសុខភាព។២-ឈ្មោះ ផល ផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ ស្លាប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ស្លាប់នៅមណ្ឌលសុខភាព។៣-ឈ្មោះ ចាន់ ស៊ីនីត ភេទប្រុស អាយុ២៤ឆ្នាំ ស្លាប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យបង្អែកខេត្ត។៤-ឈ្មោះ គា ណាត ភេទប្រុស អាយុ៣២ឆ្នាំ ស្លាប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ស្លាប់តាមផ្លូវពេលដឹកបញ្ជូនចេញពីមណ្ឌលសុខភាព។៥-ឈ្មោះ ថុង ផល ភេទប្រុស អាយុ៤០ឆ្នាំ ស្លាប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ស្លាប់នៅមណ្ឌលសុខភាព។និង៦-ឈ្មោះ តា ថា ភេទប្រុស អាយុ៦០ឆ្នាំ ស្លាប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ស្លាប់នៅក្នុងការដ្ឋានក្រុនហ៊ុន ថាកូ។
បើយោងតាមការសាកសួរព័ត៌មានពីមន្រ្តីមណ្ឌលសុខភាពថា អ្នកជំងឺដែលមកទទួលសេវាទាំងនោះ គឺមានសភាពធ្ងន់ធ្ងរដូចជាសន្លប់ ប្រកាច់ សញ្ញាជីវិតខ្សោយជួនកាលស្ទើគ្មានសញ្ញាជីវិត។ តាមការសាកសួរប្រវត្តិអ្នកជំងឺមានរោគសញ្ញាចុកពោះ ក្អួត ហត់ អស់កម្លាំង ស្រវាំងភ្នែក ភាគច្រើនពួកគាត់បានទទួលទានស្រាជាប្រចាំ ហើយគឺគ្មានប្រវត្តិជំងឺប្រចាំកាយទេ។ ជាទូទៅមុនពេលចេញរោគសញ្ញាអ្នកជំងឺមានសុខភាពធម្មតា ក្រោយចេញរោគសញ្ញាចន្លោះពី៤ទៅ៦ម៉ោង បណ្តាលអោយអ្នកជំងឺស្លាប់។ តាមការសន្និដ្ឋានបឋមអាចបណ្តាលមកពីការពុលចំណីអាហារឬពុលសារធាតុគីមី។
បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញខេត្ត កំពងចុះបើកការស៊ើបអង្កេតរកមូលហេតុជាក់លាក់ណាមួយឲ្យប្រាកដ ដែលបណ្ដាលឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានការភ័យខ្លាច ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រុមហ៊ុននោះ៕ដោយ÷ សាវ័ន្ត