ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា មន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី និងមន្ត្រីជំនាញមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានក.ប.ប. កំពុងបន្តតាមដាន និងវិភាគរកសារធាតុមេតាណុល នៅក្នុងផលិតផលស្រា ដែលមានលក់ និងចែកចាយ ក្នុងខេត្តរតនគិរី។
សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ អគ្គនាយដ្ឋានក.ប.ប.ប. បានចាត់បញ្ជូនមន្រ្តីជំនាញមន្ទីរពិសោធន៍ ទៅខេត្តរតនគិរី ដើម្បីចូលរួមសហការជាមួយសាខា ក.ប.ប. រួមជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដើម្បីស្វែងរកមូលហេតុ ដែលបណ្តាលឱ្យមនុស្សស្លា.ប់ ១០នាក់ នៅខេត្តរតនគិរី។
នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញ ក.ប.ប. បានប្រមូលសំណាកគំរូចំនួន ៨៦ និងបានធ្វើវិភាគបឋម ដោយប្រេីប្រាស់ឧបករណ៍ Methanol Analyzer និងបានរកឃើញថា មានសំណាកគំរូ ចំនួន៤ ក្នុងចំណោម ៤៩គំរូផ្សេងគ្នា ដែលបានវិភាគរួច មានផ្ទុកសារធាតុមេតាណុល ក្នុងកម្រិតខ្ពស់ ជាហេតុអាចបណ្តាលឲ្យពុលស្លាប់បាន។ បន្ថែមពីលើនេះ សំណាកគំរូស្រាទាំងនោះ ក៏ត្រូវបានបញ្ជូនមកមន្ទីរពិសោធន៍ នៅទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគបញ្ជាក់បន្ត។
មន្ត្រីជំនាញក.ប.ប. នៅតែបន្តសហការស្រាវជ្រាវ តាមដាន និងប្រមូលយកសំណាកគំរូស្រាពីបណ្ដាស្រុកផ្សេងៗទៀត នៅក្នុងខេត្តរតនគិរី ដើម្បីវិភាគបន្ត៕AFN