ខេត្តសៀមរាប៖នៅថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ២០២៣ នេះអាជ្ញាធរពាក់ព័ន្ធជុំវិញខេត្តសៀមរាប ពលរដ្ឋនិងសិក្សានុសិស្សបានរួមគ្នាដាំកូនឈើទាល,ឈើគគី ប្រមាណជា២៥០០ដើមនៅក្នុងភូមិសាស្ត្រនៃ ភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោកទា គឺមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ចាប់តាំងពីការពង្រឹងការងារយាមល្បាត និង បង្រ្កាបបទល្មើសព្រៃឈើ,សត្វព្រៃ តាមបណ្តាសង្កាត់ និងផ្នែករដ្ឋាលព្រៃឈើតាមក្រុង ស្រុក ក្នុងឆមាសទី១ឆ្នាំ២០២៣នេះ លើការអនុវត្តកំណែទម្រង់វិស័យព្រៃឈើ ដោយបង្កើតបានសហគមន៍ព្រៃឈើ ៦២សហគមន៍ ដែលគ្រប់ដណ្តប់លើផ្ទៃដី ៣៤ពាន់៤០១ហិកតា និងបានជម្រុញសហគមន៍ដែលមានសក្តានុពលអនុវត្តទេសចរណ៍ធម្មជាតិ ដោយអនុវត្គម្រោងពិធកម្មកសិកម្ម មិនទុកចោលដីទំនេរ មិនពឹងផ្អែកតែលើផលអនុផលព្រៃឈើ នោះឡើយ ។
លោកបន្តថា ការងារដាំឈើ បានថែទាំចម្ការពូជឈើ ចម្ការរុក្ខទិវា ដាំឈើថ្មី ស្ថិតក្នុងស្ថានីយ៍ស្តារ និងអភិវឌ្ឍព្រៃឈើ ៧កន្លែង ស្មើផ្ទៃដី ៣ពាន់៦៧៦ហិកតា និង ថ្នាលបណ្តុះកូនឈើ ១៧កន្លែងនៅតាមក្រុង ស្រុក ។ ចំពោះ បទល្មើសព្រៃឈើ ដោយបង្ក្រាបបាន ៧ករណី បានបញ្ជូនទៅកាន់សាលាដំបូង ៤ករណី ។
ថ្លែងនៅក្នុងពិធីអបអរសាទរ បុណ្យរុក្ខទិវា ( ៩កក្កដា ) ឯកឧត្តម អ៊ាន ឃុន បានមានប្រសាសន៍ថា បុណ្យរុក្ខទិវានាពេលនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញ អំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការគ្រប់គ្រងអភិរក្សធនធានព្រៃឈើ ។
ម៉្យាងទៀត ព្រៃឈើមានតួនាទីសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ និង ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស និង ផ្តល់នូវផល អនុផលព្រៃឈើជាច្រើន អនេកដល់ប្រជាពលរដ្ឋ ក្នុងជីវភាពប្រចាំថ្ងៃ ។
ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ព្រៃឈើ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត និង ជាអាយុជីវិតមនុស្ស និងសត្វ ដែលទាមទារឲ្យមានការគ្រប់គ្រង និង ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយវិចារណញ្ញាណ សមហេតុសមផល ដើម្បីធានានូវតុល្យភាពបរិស្ថាន ហើយផ្ដល់ឱកាសឲ្យកូនចៅជំនាន់ក្រោយ ទទួលបានផលប្រយោជន៍ ពីធនធានទាំងអស់នេះ ដើម្បីបំពេញនូវសេចក្ដីត្រូវការ និងភាពសុខ ដុមរមនា ។
ក្នុងនោះដែរឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបានកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ចាប់យកដីព្រៃ ត្រូវធ្វើការបញ្ឈប់ជាបន្ទាន់នូវទង្វើររបស់ខ្លួន និង ការធ្វើអាជីវកម្មព្រៃឈើ ជំនួញដីព្រៃឈើខុសច្បាប់ ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរ គឺជាគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ដែលបណ្តាលពីការកាប់បំផ្លាញព្រៃឈើនោះ នឹងកើតភ្លាមចំពោះសង្គមជាតិ ។ បុណ្យរុក្ខទិវានេះ ក៏ជាបេសកកម្មមួយប្រកបដោយគុណធម៌របស់មនុស្សជាតិ ក្នុងបុព្វហេតុការពារ និងថែរក្សានិរន្តភាពនៃភពផែនដី ដើមី្ប ឲ្យមនុស្សបានរួចផុត ពីគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុ និង គ្រោះមហន្តរាយធម្មជាតិនានាទៀតផង ។
ព្រឹត្តិការណ៍រុក្ខទិវានាថ្ងៃនេះ ក៏ឆ្លុះបញ្ចាំងសារជាថ្មីម្តងទៀត នូវការភ្ញាក់រលឹករបស់ប្រជាជាតិយើងទាំងមូល ក្នុងការប្រឈមមុខដោះស្រាយគ្រោះមហន្តរាយបាត់បង់ព្រៃឈើ និងស្មារតី ម្ចាស់ការទទួលខុសត្រូវលើជោគវាសនាអនាគតមាតុភូមិយើង សម្រាប់យើងជំនាន់នេះ ក៏ដូចជាជំនាន់ក្រោយ យើងត្រូវចាប់ផ្តើមដោយឥត បង្អែរបង្អង់នូវផែនការស្តារព្រៃឈើ និងការដាំកូនឈើឡើងវិញ ជាខ្សែចង្វាក់គ្រប់ទិសទី ដើម្បីឲ្យខេត្តសៀមរាបយើង រក្សាបាននូវលំនឹងបរិស្ថាន ធម្មជាតិ និងមានសម្រស់ស្រស់បំព្រងដោយរុក្ខជាតិពណ៌បៃតងឡើងវិញ៕ស.រ