ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយសាកលវិទ្យាល័យហាវ៉ៃនិង Flinders University ដោយប្រើឧបករណ៍ វាស់ស្ទង់រករចនាសម្ព័ន្ធឡដុតកុលាលភាជន៍នៅខ្លោងទ្វារដីឆ្នាំងនៃអង្គរធំ បានរកឃើញថាមានឡដុតកុលាលភាជន៍ជាច្រើន នៅជ្រុងពាយព្យនាភូមិនគរក្រៅ សង្កាត់គោកចក នៃក្រុងសៀមរាប ខេត្តសៀមរាប។
បណ្តុំក្រុមឡដុតកុលាលភាន៍ទាំងនោះ ស្ថិតនៅលើទួលធំវែងមួយកន្លែង ដែលលាតសន្ធឹងពីកើតទៅលិចប្រវែង២៣០ម៉ែត្រនិងទទឹងមានប្រវែង៨៤ម៉ែត្រ កម្ពស់ប្រហែល២,៧០ម៉ែត្រ។ ទួលនេះសន្ធឹងស្របគ្នានិងកំពែងនៃកសិន្ធុទឹកភាគខាងជើងផ្នែកខាងលិច របស់ខ្លោងទ្វារដីឆ្នាំងនៃអង្គរធំ មានចម្ងាយ១២៣ម៉ែត្រពីខ្លោងទ្វារដីឆ្នាំង។ លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ មានប្រសាសន៍ថា ក្រោយពីបានចុះពិនិត្យផ្ទៀងផ្ទាត់ និងស្រង់ទិន្នន័យបុរាណវិទ្យា ដោយក្រុមអ្នកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានរកឃើញថាមានទួលឡដុតកុលាលភាន៍មានចំនួន២៥ដែលពុំទាន់មានការធ្វើកំណាយស្រាវជ្រាវ ដើម្បីបញ្ជាក់ថាទីនេះជាអ្វីពិតប្រាកដនៅឡើយទេ គ្រាន់តែអ្នកស្រាវជ្រាវមួយចំនួនបានរើសយក អំបែងភាជន៍យកទៅសិក្សាតែប៉ុណ្ណោះ។ ទើបតែកាលពីឆ្នាំ២០២០ និងឆ្នាំ២០២២ ក្រុមអ្នកស្រាវជ្រាវនៃ អាជ្ញាធរជាតិអប្សរា បានធ្វើកំណាយលើទួលឡនោះ ចំនួនពីរ ដើម្បីប្រមូលទិន្នន័យដែលអាចឱ្យអ្នកជំនាញបញ្ជាក់ថា ទីតាំងនេះជាអ្វីឱ្យពិតប្រាកដ?យោងតាមលទ្ធផល ដែលទទួលបានពីការធ្វើកំណាយទាំងពីរលើកកន្លងមក បានបញ្ជាក់ថាទីតាំងនេះជាឡដុតកុលាលភាជន៍នៅក្នុងតំបន់អង្គរ ដែលចាប់ដំណើរការតាំងពីពាក់កណ្តាលសតវត្សរ៍ទី១២ និងឈប់ដំណើរការនៅដើមសតវត្សរ៍ទី១៥នៃគ្រីស្តសករាជ។
ក្រុមអ្នកស្រាវជ្រាវមានគោលបំណងពង្រីកការស្រាវជ្រាវពីបណ្តុំឡដុតកុលាលភាជន៍នេះឱ្យបានវែងឆ្ងាយទៅទៀត ហើយថ្មីៗនេះ អ្នកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយអាជ្ញាធរជាតិអប្សរា បានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និង Flinders University បានប្រើឧបករណ៍វិទ្យាសាស្ត្រទំនើ ដើម្បីវាស់ស្ទង់ រករចនាសម្ព័ន្ធឡដុតកុលាលភាជន៍នៅតំបន់ទ្វារដីឆ្នាំងនៃអង្គរធំនេះ ដោយប្រើឧបករណ៍ Magnetometer ដើម្បីស្វែងរកសញ្ញាណម៉ាញ៉េទិកនៃរចនាសម្ព័ន្ធឡ។
ក្រុមអ្នកស្រាវជ្រាវបានចាត់ទុកថាទិន្នន័យ ដែលទទួលបានពីការវាស់ស្ទង់នេះ គឺមានសារសំខាន់សម្រាប់អ្នកជំនាញ យកធ្វើជាមូលដ្ឋានក្នុងការធ្វើកំណាយស្រាវជ្រាវឡដុតកុលាលភាជន៍នៅតំបន់នេះតទៅថ្ងៃមុខទៀត៕AFN