Thursday, November 28, 2024
Header Banner

សំណុំរឿងជនសង្ស័យជិះម៉ូតូដេញកាប់គ្នាបណ្ដាលឲ្យរបួស នៅស្រុកសូទ្រនិគម ត្រូវបាន នគរបាលខេត្តសៀមរាប សហការគ្នាបំបែកបានហើយ!

ខេត្តសៀមរាប៖ក្រុមជនសង្ស័យធ្វើសកម្មភាពជិះម៉ូតូដេញកាប់ជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ នៅស្រុកសូទ្រនិគមដោយសារគំនុំនោះ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បំបែកសំណុំរឿងនោះបានហើយ ។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានឲ្យដឹងនៅថ្ងៃទី ១២ខែកក្កដាឆ្នាំ ២០២៣ នេះថា ដោយមានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម ព្រមទាំងដឹកនាំជំនាញដោយលោកវរសេនីយ៍ឯក នួន សក្ដិចំរើនរិទ្ធិ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដឹកនាំដោយលោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង បានចុះពិនិត្យស្រាវជ្រាវរហូតទទួលជោគជ័យបំបែកករណី “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ (កាប់នឹងកាំបិតបុ័ងតោ) “ ជិះម៉ូតូដេញតាមកាប់ជនរងគ្រោះចំកញ្ចឹងករបួសធ្ងន់ ដោយសារគំនុំ ធ្លាប់មានទំនាស់ជាមួយជនរងគ្រោះកន្លងមក ។

របាយការណ៍ បានឲ្យដឹងទៀតថា ប្រតិបត្តិការនោះសមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ :១.ឈ្មោះ ឆេង កក្កដា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ ។២.ឈ្មោះ សុះ សំអាន (ហៅ អ៊ីត) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ ។

សូមរំលឹកថាករណីនោះ កើតហេតុនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២១:៣០នាទី នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ជនរងគ្រោះឈ្មោះ អ៊ួក ភាន់ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ ។ករណីខាងលើនេះ ក្រោមការសម្របសម្រួលនីតិវិធីដោយឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចបានធ្វើកំណត់ហេតុដកហូតសម្ភារវត្ថុតាង (ម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ចំនួន ០១គ្រឿង និង កាបិតបុ័ងតោចំនួន ០១ ប្រវែង ៣២សម) ហើយរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យព្រមទាំងវត្ថុតាងទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី ៕ស.រ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម