Thursday, November 28, 2024
Header Banner

ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តសៀមរាប គ្រោងចំណាយថវិកាអស់ប្រមាណ៤ពាន់លានដុល្លារអាមេរិក!

ភ្នំពេញ៖បន្ទាប់ពីការចុះហត្ថលេខា ដើម្បីធ្វើការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នៅថ្ងៃទី១១ ខែកក្កដាកន្លងទៅនេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត គណៈកម្មការអន្តរក្រសួង ដែលមានឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប។តាមរយៈសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលនេះ បង្ហាញថា គណៈកម្មការអន្តរក្រសួងនេះ មានភារកិច្ច ពិនិត្យ ផ្ដល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងរូបភាពនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនខាងលើឱ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍច្រករបៀងរាជធានីភ្នំពេញ-ខេត្តសៀមរាប។

បើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងពិធីចុះកិច្ចព្រមព្រៀងក្របខណ្ឌគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ថ្មីៗនេះ ឯកឧត្តមបង្ហាញថា ការចុះសិក្សាលម្អិតជាផ្លូវការលើគម្រោងនេះ គ្រោងនឹងចំណាយពេល ១២ខែ តែបើតាមការអះអាងរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពួកគេអាចត្រូវការពេលសិក្សាតែ ៦ខែប៉ុណ្ណោះ។

តាមការវាយតម្លៃបឋម គម្រោងផ្លូវល្បឿនលឿនទី៣នេះ មានប្រវែងសរុប៤០០គីឡូម៉ែត្រ ដោយពីភ្នំពេញ ទៅកាន់ខេត្តសៀមរាបមានប្រវែង ២៥០គីឡូម៉ែត្រ និងពីខេត្តសៀមរាប ទៅកាន់ក្រុងប៉ោយប៉ែតមានប្រវែង១៥០គីឡូម៉ែត្រ និងគ្រោងចំណាយថវិកាប្រមាណ ៤ពាន់លានដុល្លារអាមេរិក។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា បើពុំមានបញ្ហារាំងស្ទះណាមួយនោះទេ គម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជានេះ អាចនឹងបើកការដ្ឋានសាងសង់យ៉ាងយូរបំផុតត្រឹមចុងឆ្នាំ២០២៤។គួរជម្រាបថា គម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ត្រូវបានស្នើសុំវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ក្រោមទម្រង់វិនិយោគ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ(BOT)។

គម្រោងផ្លូវល្បឿនលឿនទី៣នេះដែរ ក៏នឹងជួយតភ្ជាប់តំបន់ទេសចរណ៍ឆ្នេរសមុទ្រ និងវប្បធម៌ឱ្យកាន់តែកៀកជិតគ្នា ព្រមទាំងចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាផងដែរ៕ស.រ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម