ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ពលរដ្ឋនាំគ្នាចូលទៅញ៉ាំអាហារនៅអាហារដ្ឋាន ប៊ូហ្វេ ស្រីខួចខិនថេនើរ ក្នុងតម្លៃ៧ដុល្លារ រួចក៏មានអាការៈរាគរុះ,ក្អួតចង្អោរ ដោយសង្ស័យថាពុលអាហារនៅទីនោះរួចក៏បញ្ជូនទៅមន្ទីរពេទ្យ។
ពលរដ្ឋដែលទៅញ៉ាំអាហារនៅទីនោះបានឲ្យដឹងថា ពួកគាត់និងគ្រួសារមានគ្នាប្រមាណ៣០ នាក់ បាននាំគ្នាមកញ៉ាំអាហារនៅទីនោះ ក្នុងម្នាក់ត្រូវបង់លុយអស់៧ដុល្លារ រួចក៏រាគរុះនិងក្អួតចង្អោរដោយមិនដឹងមូលហេតុ។ហើយក៏ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែងរហូតបានធូរស្រាលខ្លះៗហើយ។ដោយម្នាក់ៗត្រូវព្យាបាលអស់ជិត ២០០ដុល្លារ។តែម្ចាស់ហាងខាងលើនិយាយយករួចខ្លួនដោយមិនទទួលខុសត្រូវ ហើយនិយាយថាជួយចេញថ្លៃពេទ្យម្នាក់២០ដុល្លារ។ពលរដ្ឋបន្ថែមថា ម្ចាស់ហាងខាងលើគួរតែទទួលយកនូវការរិះគន់ដើម្បីស្ថាបនា របស់ពលរដ្ឋមិនគួរនិយាយបំភ្លើសការពិតដើម្បីតែផលប្រយោជន៍ខ្លួនឯងនោះឡើយ។ពលរដ្ឋ ក៏សំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធជួយចុះពិនិត្យមើលហាងខាងលើផងព្រោះអាចប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់ពលរដ្ឋ។
ចំណែកថៅកែ អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ នៅល្ងាចថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៣នេះ បានបំភ្លឺថា បុគ្គលិកប្រមូលសំរាម របស់ក្រុមហ៊ុនសិនទ្រី ជាង២០នាក់ទៅពិសារអាហារនៅហាងរបស់គាត់ រួមទាំងភ្ញៀវផ្សេងៗរាប់សិបនាក់ទៀត។ តែនៅព្រឹកថ្ងៃទី១៦ ខែដដែល ក៏ស្រាប់តែបុគ្គលិកប្រមូលសំរាមទាំងនោះ ខលទូរសព្ទ័មកគាត់ថា មានពួកគេជាង១០នាក់មានអាការ:ក្អួតចង្អោរ ហើយនាំគ្នាចោទថាពុលអាហារ ទាំងភ្ញៀវផ្សេងៗទៀតមិនមាន នរណាម្នាក់កើតអី។ លុះពេលរូបគាត់សាកសួរបុគ្គលិកទើបដឹងថា ពួកគាត់(បុគ្គលិកក្រុមហ៊ុនសុនទ្រី)ពិសារខុសលក្ខណ: ខុសពីការណែនាំ (ខ្យងសំរាប់អាំង ពួកគាត់ដាក់ស្ងោរក្នុងទឹកស៊ុប ក្តាមដែលបានចងកៅស៊ូ ពួក គាត់ស្ងោរទាំងកៅស៊ូ មិនបកស្រកីចេញ)ហើយបែជា មកចោទថា ពុលអាហារទៅវិញ។ មិនតែប៉ុណ្ណោះ ពួកគេ ទាមទារតម្រូវអោយគាត់(ម្ចាស់ហាង)ដោះស្រាយថ្លៃពេទ្យ២២០ដុល្លារទៀត។ស្រីខួច បញ្ជាក់ទៀតថា ការញាំគ្រឿងសមុទ្រ ក៏អាចទាក់ទងនិងសុខភាពផងដែរ។ ពេលខ្លះសុខភាពរបស់គាត់អាចប្រតិកម្ម និងមុខម្ហូបណាមួយ ក៏អាចបង្កអោយមានអាការ:ផងដែរ។ ក្នុងនាមជាម្ចាស់ ហាង ស្រីខួចខិនថេនើរ សូមបញ្ជាក់ជូនថា មិនមានអាហារណាមួយពុលនៅក្នុងហាងរបស់ខ្លួនឡើយ។អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ មានទីតាំងស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប តាមបណ្តោយផ្លូវបេតុងថ្មី ម្តុំផ្សារញ៉ែ។
ពាក់ព័ន្ធនឹងករណីពុលអាហារខាងលើនេះដែរ មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា ករណីនេះលោកមិនទាន់មានរបាយការណ៍ពីក្រុមការងារនៅឡើយទេ។ហើយលោកបញ្ជាក់ថា ប្រសិនបើមានករណីយ៉ាងដូច្នេះមែនលោកនឹងចាត់ឲ្យមន្ត្រីចុះទៅពិនិត្យមើលជាក់ស្ដែងតែម្ដង។
សមត្ថកិច្ចដែលទទួលខុសត្រូវលើការងារចំណីអាហារនៅក្នុងខេត្តសៀមរាប ក៏បានឲ្យដឹងដែរថា លោកនឹងសុំកូការណ៍ថ្នាក់លើដើម្បីធ្វើការរឿងនេះ ឲ្យបានច្បាស់លាស់កុំឲ្យមានមន្ទិលសង្ស័យតទៅទៀត។
ករណីខាងលើនេះដែរ មហាជនស្នើឲ្យអាជ្ញាធរពាក់ព័ន្ធនៃខេត្តសៀមរាប ជួយពិនិត្យមើលហាងប៊ូហ្វេខាងលើ ដែលគេសង្ស័យថាមានដាក់ម្ហូបអាហារដែលគ្មានអនាម័យឲ្យពលរដ្ឋពិសារ ទើបធ្វើឲ្យមានអាការៈរាគរុះ,ក្អួតចង្អោរ យ៉ាងដូច្នេះ៕AFN