ខេត្តសៀមរាប៖យោងតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី១៧ខែកក្កដានេះថា ព្រលានយន្តហោះថ្មី លើទឹកដីខេត្តសៀមរាប នឹងអាចជួយជំរុញវិស័យទេសចរណ៍របស់កម្ពុជាឲ្យកាន់តែមានសន្ទុះខ្លាំងជាង។
ប្រធានក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) លោកLU Wei បានលើកឡើងបែបនេះ នៅក្នុងដំណើរទស្សនកិច្ចពិនិត្យបច្ចេកទេសរបស់សមាគមទេសចរណ៍កម្ពុជា (CATA)នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។
លោកLU បានលើកឡើងថា អាកាសយានដ្ឋានថ្មីនេះ ជាអាកាសយានដ្ឋានអន្តរជាតិធុនធំ និងជាទីកន្លែងទេសចរណ៍។ អាកាសយានដ្ឋាននេះនឹងជំរុញការអភិវឌ្ឍន៏អាកាសចរណ៍ ផ្ដល់ភាពស្រួលដល់ភ្ញៀវដែលមកទស្សនាប្រាសាទអង្គរវត្តដ៏អស្ចារ្យ ជាពិសេសទាក់ទាញភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជា បង្កើនទំនាក់ទំនង់រវាង ប្រទេសចិននិងប្រទេសកម្ពុជា ហើយជំរុញការអភិវឌ្ឍន៏វិស័យទេសចរណ៍។
លោកLU Wei បន្ថែមថា ជាមួយគ្នានេះ អាកាសយានដ្ឋានថ្មីនេះបានរួមចំណែកក្នុងការអភិរ្សបេតិកភណ្ឌកម្ពុជា ការអភិវឌ្ឍន៏វិស័យទេសចរណ៍ ការបង្កើនការងារ ការអភិវឌ្ឍន៏សេដ្ឋកិច្ចនិងសង្គមយុទ្ធស្ត្រ “ខ្សែក្រវាក់មួយផ្លូវមួយ” ហើយអាកាសយានដ្ឋានសៀមរាបអង្គរ ក៏ជាគំរូការអនុវត្ត និងយុទ្ធស្ត្រ “ចតុកោណ”របស់កម្ពុជាផងដែរ ហើយវាក៏ជាសមិទ្ធផលមិត្តភាពកម្ពុជា-ចិន និងជាលទ្ធផលការសហការកម្ពុជា-ចិនផងដែរ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបមានចំងាយ ប្រមាណជា៤០គីឡូងម៉ែត្រពីទីក្រុងសៀមរាប និងប្រាសាទអង្គរ មានទំហំដី៧០០ហិកតា ដែលមានស្ដង់ដា កម្រិត៤។ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងថា តាមការគ្រោងទុកអាកាសយានដ្ឋានអន្តរជាតិនេះ នឹងចាប់ផ្តើមដំណើការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។
លោកថា នៅពេលដែលអាកាសយានដ្ឋានដ៏ធំមួយនេះចាប់ដំណើការ គេរំពឹងថា វានឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យទេសចរណ៍។ឯកឧត្តមបានឲ្យបន្ថែមថា សម្រាប់វិស័យអាកាសចរស៊ីវិល ការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល៦ខែ ចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាស បានចំនួនជាង ២.៤៨០.០៣២នាក់ កើនឡើង២៧០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ និងទទួលបានចលនាជើងហោះហើរទ្វេទិសចំនួន ២៤.៧២៥ កើនឡើង១៤៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
ក្នុងដើមខែកក្កដា ឆ្នាំ២០២៣នេះ ប្រតិបត្តិការ ហោះហើរដឹកអ្នកដំណើរជាតិនិងអន្តរជាតិនិងទំនិញ ជាមធ្យម មានចលនាហោះហើរទ្វ ទិស ៨៥០ជើងក្នុងមួយសប្ដាហ៍ ចេញនិងចូលអាកាសយានដ្ឋានអន្តរជាតិទាំង៣ និង មាន ក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិចំនួន ២៦ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើង វិញជាមួយប្រទេសអាស៊ានទាំង៩ ចិន កូរ៉េខាងត្បូង រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងកាតា។ យើងអាចនិយាយជារួមបានថា សកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានវិលត្រឡប់មកវិញ ឬ ស្តារឡើងវិញ បាន ៥០% ប្រៀបធៀបឆ្នាំ២០១៩ មុនវិបត្តិជំងឺកូវីដ១៩៕ស.រ