ខេត្តសៀមរាប៖របាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចខេត្តសៀមរាប ៤ពាន់នាក់ បានត្រៀមទទួលភារកិច្ចក្នុងកិច្ចការពារ ហិបឆ្នោត និងមណ្ឌលបោះឆ្នោត ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងថ្ងៃបោះឆ្នោត។
លោកឧត្ដមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់AFN នៅរសៀលថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២៣នេះថា នៅមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត នាពេលដ៏ខ្លីខាងមុខនេះ លោកបាន ចាត់តាំងកម្លាំងនគរបាលនិងប្រជាការបារសរុបចំនួន៤០០០នាក់ ដើម្បីត្រៀមលក្ខណៈចុះតាមមូលដ្ឋាន ក្នុងកិច្ចការពារមណ្ឌលបោះឆ្នោត និងហិបឆ្នោត ព្រមទាំងការការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងថ្ងៃបោះឆ្នោតផងដែរ។
លោកឧត្ដមសេនីយ៍ទោ ស្នងការបន្ថែមថា ការិយាល័យបោះឆ្នោតនៅទូទាំងខេត្តសៀមរាប គឺមានចំនួន១៥២១ការិយាល័យ ស្មើនិង៨៥០ មណ្ឌល។លោកឧត្ដមសេនីយ៍ទោ បានសង្កត់ធ្ងន់ថា កម្លាំងសមត្ថកិច្ចចាប់ផ្ដើមពង្រឹងការពារសន្តិសុខយ៉ាងម៉ឺងម៉ាត់ ចាប់ពីពេលនេះតទៅហើយ ព្រោះនៅថ្ងៃទី ២១ ស្អែកនេះ គឺជាថ្ងៃដែលគណបក្សប្រជាជន រៀបចំពិធីក្បួនដង្ហែក្នុងលក្ខណៈទ្រង់ទ្រាយធំចុងក្រោយ ដូច្នេះកម្លាំងត្រូវបង្កើនកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ផងដែរថា នៅខេត្តសៀមរាប មានគណបក្សនយោបាយឈរឈ្មោះចំនួន១៤គណបក្ស៕AFN