ខេត្តរតនគិរី៖ គ.ជ.ប កំណត់ឲ្យគ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវ ដើម្បីប្រកួតប្រជែង ឃោសនារកសម្លេងឆ្នោត ជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ រយៈពេល ២១ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយបិតបញ្ចប់ការឃោសនា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ព្រមទាំងត្រៀមខ្លួនទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ដោយឡែកសម្រាប់នៅខេត្តរតនគិរី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី ក៏បានបើកយុទ្ធនាការដង្ហែក្បួន ឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្រ្តរបស់ខ្លួន ដោយស្រែកជ័យឃោស ផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួន យ៉ាងធអិកអធម។ យុទ្ធនាការនេះមានការ អញ្ជើញចូលរួមពីសំណាក់ លោក ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តរតនគិរី លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី, លោក ណាប់ ប៊ុនហេង អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានដឹកនាំគណបក្សដង្ហែក្បួនឃោសនាស្វែងរកសម្លេងឆ្នោត ក្នុងក្រុងបានលុង ខេត្តរតនគិរី ដោយមានការចូលរួមពីសមាជិកគណបក្ស សកម្មជនយុវជនបក្ស និងប្រជាពលរដ្ឋ អាជីវករ ដែលមានការជឿជាក់មកលើគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនកុះករ អធឹកអធ៌មក្រៃលែង។
ទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះដែរ លោក ប៉ែន ឈុនឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី បានឲ្យដឹងថា ខេត្តរតនគិរី មានចំនួន៩ក្រុងស្រុកមាន៥០ ឃុំ/សង្កាត់ ស្មើនឹង២៤៣ភូមិ ហើយមានប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតចំនួន១១៧.៦៥៧នាក់។មានការិយាល័យបោះឆ្នោតនៅទូទាំងខេត្តចំនួន ២៩៥ការិយាល័យ និងមានគណបក្សនយោបាយចំនួន១២ ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ រួមមាន ៖ ១.គណបក្សខ្មែរតែមួយ (គ.ខ.ម) ឈរលេខរៀងទី២ ២.គណបក្សសញ្ជាតិកម្ពុជា (គ.ស.ក) ឈរលេខរៀងទី៣ ៣.គណបក្សខ្មែររួបរួមជាតិ (ខ.រ.ជ) ឈរលេខរៀងទី៤ ៤.គណបក្សស្ត្រីដើម្បីស្ត្រី (ស.ដ.ស) ឈរលេខរៀងទី៧ ៥.គណបក្សខ្មែរឈប់ក្រ (គ.ខ.ឈ.ក) ឈរលេខរៀងទី៨ ៦.គណបក្សហ៊្វុនស៊ិនប៉ិច (រ.រ.ជ.ក.ឯ.អ.ស.ស) ឈរលេខរៀងទី៩ ៧.គណបក្សធម្មាធិបតេយ្យ (គ.ធ) ឈរលេខរៀងទី១០ ៨.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) ឈរលេខរៀងទី១១ ៩.គណបក្សបំណងពលរដ្ឋ (គ.ប.ព) ឈរលេខរៀងទី១២ ១០.គណបក្ស យុវជនកម្ពុជា (គ.យ.ក) ឈរលេខរៀងទី១៦ ១១.គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា (គ.ជ.ប.ក) ឈរលេខរៀងទី១៧ ១២.គណបក្ស ប្រជាជនកម្ពុជា (ប្រ.ជ) ឈរលេខរៀងទី១៨។ សូមបញ្ញាក់ថា សម្រាប់ថ្ងៃបញ្ចប់ នៃយុទ្ធនាការរកសម្លេងឆ្នោតនេះ គឺគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើយុទ្ធនាការទ្រង់ទ្រាយធំ ទូទាំងខេត្តរតនគិរី មាន៩ក្រុង.ស្រុក ដោយមានសមាជិក សមាជិកា និងអ្នកគាំទ្ររបស់ខ្លួនចូលរួមចំនួន ១៥,៩៥៦នាក់ ប្រើប្រាស់មធ្យោបាយ រួមមាន៖ រថយន្តចំនួន ៨៣៩ គ្រឿង, ម៉ូតូ ៧,៣៣៣ គ្រឿង, មធ្យោបាយផ្សេងៗ ចំនួន ៥២ គ្រឿង។ អមដោយឧបករណ៍បំពងសំឡេង ដ៏កងរំពង ផ្សព្វផ្សាយពីគោលនយោបាយ គណបក្សរបស់ខ្លួន ជូនដល់មហាជនទូទៅឲ្យបានជ្រួតជ្រាបផងដែរ។ យុទ្ធនាការនេះ ប្រព្រឹត្តទៅក្រោមការឃ្លាំមើល សង្កេតការណ៍ ពីតំណាងគណបក្សនយោបាយនានា ជាពិសេស ការការពារសន្តិសុខសារធារណៈ ពីសំណាក់កងកម្លាំង មានសមត្ថកិច្ច របស់ខេត្ត ធ្វើយ៉ាងណាឲ្យ ដំណើរការឃោសនារកសំឡេងឆ្នោតនេះ ប្រព្រឹត្តទៅ ប្រកបដោយភាពរលូន។
លោក ញ៉ែម សំអឿន ប្រធានគណកម្មាធិការ គណៈបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី បានថ្លែងអំណរគុណ ក្នុងពិធីបិទយុទ្ធនាការឃោសនា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៣នេះថា សូម ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានដ៏ថ្លៃថ្លា របស់បងប្អូនជនរួមជាតិ ទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធី ដ៏មហានក្ខត្តឫក្សនេះ។ លោកបានបន្តទៀតថា ការចូលរួមរបស់បងប្អូន បានញាំងឲ្យយុទ្ធនាការ ឃោសនារកសម្លេងឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ប្រព្រឹត្តទៅយ៉ាងទូលំទូលាយ ស៊ីជម្រៅ គ្រប់ច្រកល្ហក ទូទាំងក្រុងស្រុក ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត មានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងមានសុវត្ថិភាព យ៉ាងល្អប្រសើរ សក្តិសមជាគណបក្ស ដែលបាននឹងកំពុងដឹកនាំ ប្រទេសជាតិ៕ដោយ÷ សាវ័ន្ត