ខេត្តសៀមរាប៖យោងតាមរបាយការណ៍បានឲ្យដឹងថា រយៈពេល២១ថ្ងៃ នៃដំណើរការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧នេះ នៅខេត្តសៀមរាប ពុំមានហេតុការណ៍អ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ ។
លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតប្រចាំខេត្តសៀមរាប បានឲ្យដឹងថា សម្រាប់ខេត្តសៀមរាប មានគណបក្សនយោបាយចំនួន១៤ បានចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ ហើយការឃោសនា មានដំណើរការទៅដោយរលូន មិនមានអំពើហឹង្សា ឬបញ្ហាអសន្តិសុខអ្វីនោះទេ។
លោកថា គ្រប់គណបក្សនយោបាយបានគោរពទៅតាមនីតិវិធីនៃការឃោសនា មិនមានហឹង្សា ឬពាក្យបណ្តឹងនោះទេ។លោកនឹម វ៉ាន់សំ បញ្ជាក់ថា “ចាប់ពីថ្ងៃទី០១មកដល់ថ្ងៃនេះ(ថ្ងៃទី២១) យើងសង្កេតឃើញថា គណបក្សនយោបាយទាំងអស់បានធ្វើការឃោសនាបានរលូនល្អ ពុំមានបញ្ហាអ្វីដែលកើតឡើងឲ្យពិបាកយើងដោះស្រាយទេ។
មិនមានពាក្យបណ្តឹងផ្សេងៗ អត់មានអំពើហឹង្សា ឬក៏បទល្មើសប្រឆាំងនីតិវិធី ក៏មិនមានដែរ។ មួយទៀតការឃោសនានៅពេលយប់ ក៏អត់មានការឃោសនាពេលយប់ទេ”។បើទោះជាមានគណបក្សនយោបាយដល់ទៅ១៤ បានចុះឈ្មោះប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះក្តី ប៉ុន្តែបើតាមលោក នឹម វ៉ាន់សំ បានឲ្យដឹងថា មានតែគណបក្សនយោបាយមួយចំនួនប៉ុណ្ណោះ ដូចជាគណបក្សយុវជនកម្ពុជា គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាជនកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើការឃោសនាផុសផុល ដែលក្នុងនោះសម្រាប់ថ្ងៃចុងបញ្ចប់នៃយុទ្ធនាការឃោសនានេះ មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះដែលបានធ្វើការដង្ហែរក្បួនឃោសនា។
សូមជម្រាបថា សម្រាប់ខេត្តសៀមរាប មានប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ប្រមាណជាង៦០ម៉ឺននាក់ និងមានការិយាល័យបោះឆ្នោតចំនួន១៥២១ ការិយាល័យ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តសៀមរាប ក៏បានត្រៀមកម្លាំងសម្រាប់ការពារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងថ្ងៃបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ប្រមាណជាង៤ពាន់នាក់ផងដែរ៕ស.រ