ខេត្តរតនគិរី៖ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មានទឹកមុខសប្បាយរីករាយ នាំគ្នាទៅឈរតម្រង់ជួរ តាមរបៀបរៀបរយ ចូលរួមបោះឆ្នោត ដើម្បីជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ផ្អែកលើក្ដីសង្ឃឹមរបស់ខ្លួន បានគូសសន្លឹកឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ តាមតែពួកគាត់ពេញចិត្ត និងមានទុកទំនុកចិត្ត។
ជាក់ស្តែងនៅតាមបណ្តាលទីតាំងការិយាល័យបោះឆ្នោតនានា នៅទូទាំងខេត្តរតនគិរី មានប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ បានមកឈរជាជួរៗ នៅមុខការិយាល័យបោះឆ្នោត ដែលមានបញ្ជីឈ្មោះពួកគាត់រង់ចាំចូលទៅគូសសន្លឹកឆ្នោត។ ពួកគាត់មានការយល់ដឹង អំពីតួនាទី និងកាតព្វកិច្ច ដែលត្រូវប្រេីសិទ្ឋិក្នុងការបោះឆ្នោតឲ្យគណបក្ស ដែលខ្លួនស្រលាញ់ជឿទុកចិត្ត និងដេីម្បីអភិវឌ្ឍន៍ប្រទេសជាតិ រក្សាបាននូវស្ថេរភាពសង្គម។
ទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះដែរ លោក ប៉ែន ឈុនឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី បានឲ្យដឹងថា ខេត្តរតនគិរី មានចំនួន៩ក្រុង,ស្រុកមាន៥០ ឃុំ/សង្កាត់ ស្មើនឹង២៤៣ភូមិ ហើយមានប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតចំនួន១១៧.៦៥៧នាក់។ មានការិយាល័យបោះឆ្នោតនៅទូទាំងខេត្តចំនួន ២៩៥ការិយាល័យ និងមានគណបក្សនយោបាយចំនួន១២ ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ រួមមាន ៖
១.គណបក្សខ្មែរតែមួយ (គ.ខ.ម) ឈរលេខរៀងទី២
២.គណបក្សសញ្ជាតិកម្ពុជា (គ.ស.ក) ឈរលេខរៀងទី៣
៣.គណបក្សខ្មែររួបរួមជាតិ (ខ.រ.ជ) ឈរលេខរៀងទី៤
៤.គណបក្សស្ត្រីដើម្បីស្ត្រី (ស.ដ.ស) ឈរលេខរៀងទី៧
៥.គណបក្សខ្មែរឈប់ក្រ (គ.ខ.ឈ.ក) ឈរលេខរៀងទី៨
៦.គណបក្សហ៊្វុនស៊ិនប៉ិច (រ.រ.ជ.ក.ឯ.អ.ស.ស) ឈរលេខរៀងទី៩
៧.គណបក្សធម្មាធិបតេយ្យ (គ.ធ) ឈរលេខរៀងទី១០
៨.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) ឈរលេខរៀងទី១១
៩.គណបក្សបំណងពលរដ្ឋ (គ.ប.ព) ឈរលេខរៀងទី១២
១០.គណបក្ស យុវជនកម្ពុជា (គ.យ.ក) ឈរលេខរៀងទី១៦
១១.គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា (គ.ជ.ប.ក) ឈរលេខរៀងទី១៧
១២.គណបក្ស ប្រជាជនកម្ពុជា (ប្រ.ជ) ឈរលេខរៀងទី១៨។ មានអ្នកសង្កេតការចំនួន៦០៣នាក់មកពីគណបក្សនយោបាយនានា មកពីអង្គការចំនួន និង៥សហគន៍ ដែលបានចូលរួមអង្កេតការក្នុងការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣នេះផងដែរ៕ដោយ៖ សាវ័ន្ត
ពលរដ្ឋសប្បាយរីករាយចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ នៅតាមទីតាំងការិយាល័យនានាក្នុងខេត្តរតនគិរី
ផ្សាយពាណិជ្ជកម្ម