ខេត្តរតនគិរី៖ បន្ទាប់ពីមានសេចក្តីរាយការថា មានទីតាំងមួយកន្លែងលាក់ទុកឈើត្រាចជាច្រើនដុំ នៅក្នុងចម្ការស្វាយចន្ទី ស្ថិតក្នុងឃុំប៉ាកាឡាន់ក្នុងស្រុកវើនសៃ ខេត្តរតនគិរី។
លោក ហេង សាវឿន អភិបាលស្រុកវើនសៃ បានឲ្យសារព័ត៌មានដឹងតាមប្រព័ន្ធតេលេក្រាម នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះ ថា កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន: កម្លាំងអាវុធហត្ថខេត្ត កម្លាំងរដ្ឋបាលព្រៃឈើ កម្លាំងបរិស្ថាន កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត និងកម្លាំងអធិការស្រុកវើនសៃ ចុះទៅទីតាំងថាមានបទល្មើសព្រៃឈើលាក់ទុកនោះហើយ ប៉ុន្តែមិនឃើញមាននោះទេ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
លោក ហេង សាវឿន បានបន្តទៀតថា ខាងជំនាញកំពុងតែស្រាវជ្រាវបន្ត ករណីជម្លៀសឈើចេញ ឬករណីរូបភាពចាស់ អាវុធហត្ថខេត្តនិងស្រាវជ្រាវបន្តទៅទៀត។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី២៣ ខែកក្កដានេះ ក្រុមសារព័ត៌មានបានចុះផ្សាយថា មានក្រុមឈ្មួញឆ្លៀតឱកាសដឹកជញ្ជូនប្រភេទឈើត្រាច មកលាក់ទុកនៅក្នុងចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ ភូមិកំពង់ចាម ឃុំប៉ាកាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋប្រាប់ឲ្យដឹងថាក្រុមអ្នករកសុីដឹកជញ្ជូនឈើទាំងនោះ មិនមែនរកស៊ីត្រឹមតែថ្ងៃ២៣នេះទេ គឺរាប់ខែណាស់មកហើយ បទល្មើសហូរចូលមកក្នុងឃុំប៉ាកាឡាន់ បានយ៉ាងរលូននេះដោយសារលោកមេឃុំ និងលោកមេប៉ុស្តិ៍មិនធ្វើអើពើ។
ប្រជាពលរដ្ឋជាច្រើនដាក់ការសង្ស័យថា ប្រហែលជាបានទទួលនូវលាភសក្ការៈហើយមើលទៅពីក្រុមឈ្មួញនោះ មិនធ្វើការទប់ស្កាត់និងបង្ក្រាប រាល់គោយន្តកន្រ្តៃរាប់សិបគ្រឿងដឹកជញ្ជូនឈើចូលមកក្នុងភូមិសាស្ត្ររបស់ខ្លួន បើដូចការសង្ស័យមែននោះ តើប្រជាពលរដ្ឋស្លូតត្រង់សង្ឃឹមលើអ្វីទៅចំពោះអាជ្ញាធរមូលដ្ឋាននោះ៕ដោយ÷ សាវ័ន្ត