Thursday, November 28, 2024
Header Banner

សមត្ថកិច្ចបង្ក្រាបអ្នកនេសាទដែលលបលួចនេសាទក្នុងអន្លង់អភិរក្សសត្វផ្សោតរស់នៅក្នុងដងទន្លេមេគង្គ

ខេត្តស្ទឹងត្រែង៖សេចក្តីរាយការណ៍បានឲ្យដឹងថា អន្លង់អភិរក្សសត្វផ្សោតរស់នៅចំនួន៣កន្លែងដែលមានប្រមាណចាប់ពី២៥ទៅ៣០ក្បាល មាន អន្លុងត្បូងខ្លា-អន្លុងកោះកូនសត្វ -អន្លុងកោះសន្ទក់ ត្រូវបានអ្នកនេសាទខិលខូចមួយចំនួននៅតែលបលួចនេសាទខុសច្បាប់ ធ្វើឲ្យការអភិរក្សសត្វផ្សោតពុំទាន់មានប្រសិទ្ធភាពនៅឡើយ។
        ប្រធានសហគមន៍នេសាទឃុំកោះព្រះស្រុកសៀមបូកលោកផែង ប៊ឿន បានបញ្ជាក់ថា នៅតំបន់អភិរក្សទាំង៣ខាងលើនេះជនសង្ស័យចេះតែលបលួចចូលធ្វើនេសាទនៅពេលយប់ ព្រោះកម្លាំងសហគមន៍មានលទ្ធភាពធ្វើសកម្មភាពល្បាតបានតែពេលថ្ងៃប៉ុណ្ណោះ។
      លោកបន្តថា ចំណុចឆកល្វែងនេះហើយជនសង្ស័យបានលួចលាក់ទៅដាក់មងចងសន្ទូចបង្កផលប៉ះពាល់ទៅលើធនធានមច្ឆជាតិ ដែលគម្រោងអច្ឆរិយទន្លេមេគង្គលើកំពុងយកចិត្តទុកដាក់អភិរក្សធនធានជីវចម្រុះដែលមាននៅតំបន់ទាំងនេះ។
         លោកបន្តថា បច្ចុប្បន្នក្រុមបច្ចេកទេសបានកំពុងតាមដានត្រីបបែលយក្ស ចំនួន៣ក្បាលតាមរយ( ជីប៊ីអេស) ដែលមានទម្ងន់ចាប់ពី១៨៣គីឡូក្រាមរហូតទៅដល់ជាង៣០០គីឡូក្រាមរស់តំបន់នេះហើយឃើញវាបានធ្វើចរាចរណ៍ចល័តក្នុងរង្វង់ប្រមាណ១៥គីឡូម៉ែត្រទៅមកនៅតាមដងទន្លេតែប៉ុណ្ណោះ។
    លោកស្រីសំវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានបញ្ជាក់ថា តំបន់អភិរក្សចាប់ពីស្ពានមេគង្គទៅដល់ព្រំប្រទល់ខេត្តក្រចេះ  មានចំណុចខ្លះជាតំបន់ស្នួល និងខ្លះជាតំបន់រណប តម្រូវឱ្យប្រជាសហគមន៍និងប្រជាអ្នកនេសាទរួមគ្នាអភិរក្សធន់ធានមច្ចជាតិផង  និងសត្វផ្សោតផងនិងត្រីបបែលយក្សនេះផង។   
          លោកបន្តថា៖ធនធានទាំងនេះគឺជាសម្បត្តិធម្មជាតិរបស់ពួកគាត់នៅមូលដ្ឋាននោះផ្ទាល់  ដូចនេះសហគមន៍និងប្រជាអ្នកនេសាទទាំងអស់ត្រូវរួមគ្នាថែរក្សាដើម្បីឲ្យវាបានបន្តពូជទៅថ្ងៃមុខទៀត ព្រោះនៅពេលខាងមុខអង្គការដៃគូសហការជាមួយមន្ទីរជំនាញនិងរៀបចំជាតំបន់រមណីយដ្ឋាអេកូទេសចរណ៍ សម្រាប់ឱ្យភ្ញៀវមកលេង  និងបានមើលសត្វផ្សោតនៅតំបន់នេះផង។
    លោកសនណារិនប្រជាពលរដ្ឋរស់នៅភូមិ ឃុំអូរម្រះ បានគាំទ្រចំណុចផ្តួចផ្តើមនេះ  ព្រោះសត្វផ្សោតមេគង្គ ជាសម្បត្តិកម្របំផុតនៅក្នុងប្រទេសកម្ពុជាយើង   ហើយនៅឆ្នាំ២០២៣នេះសង្កេតឃើញភ្ញៀវទេចរមកមើលផ្សោតនៅតំបន់ក្នុងស្រុកសៀមបូកនេះ ជាហូរហែរដែរបន្ទាប់ពីសត្វផ្សោតនៅអន្លុងព្រះរំកិល  ក្នុងស្រុកបុរីអូរស្វាយសែនជ័យ បានស្លាប់អស់មកនោះ  ។
         សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងបច្ចុប្បន្ននៅ អន្លុងផ្សោត កោះព្រះ -កោះកាំងកូនសត្វ  -និងកោះសន្ទក់ -មានសត្វផ្សោតរស់នៅក្នុងរង្វង់ប្រមាណចាប់ពី២៥ទៅ៣០ក្បាល ដែលភ្ញៀវទេសចរប៉ងចង់ឃើញសត្វដ៏កម្រនេះ៕MC

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម