ខេត្តមណ្ឌលគិរី៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ការជីកកកាយយករ៉ែមាស កំពុងកើតមានយ៉ាងអនាធិបតេយ្យ នៅតំបន់ចុងផ្លាស់ ស្រុកកែវសីមា ដែលសកម្មភាពនេះ គេដាក់ការសង្ស័យថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីត្រូវថ្នាំសណ្តំរបស់ឈ្មួញ ។
បន្ទាប់ពីសកម្មភាពនេះ ត្រូវបានចុះផ្សព្វផ្សាយព្រោងព្រាត ដោយបណ្តាញសារព័ត៌មាននោះ អាជ្ញាធរខេត្តមណ្ឌលគិរី ចាប់ផ្តើមភ្ញាក់ពីដំណេកបានបើកកិច្ចប្រជុំមួយដើម្បីចាត់វិធានការបង្ក្រាប។
ប្រភពពីមន្ត្រីសាលាខេត្តមណ្ឌលគិរី បានប្រាប់អ្នកព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះថា បន្ទាប់ពីមានការចុះផ្សាយថាអាជ្ញាធរខេត្តត្រូវថ្នាំសណ្តំរបស់ឈ្មួញកាយរ៉ែមាស លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានចាត់តាំង លោក សាន់ ដារឹទ្ធ អភិបាលរងខេត្តឲ្យដឹកនាំកិច្ចប្រជុំនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីពិភាក្សាការងារចុះបង្រ្កាបរ៉ែមាសអនាធិបតេយ្យនៅតំបន់ចុងផ្លាស់ ស្រុកកែវសីមា ដោយមានការពីអ្នកពាក់ព័ន្ធនានា។ ប្រភពដដែលឲ្យដឹងថា គេមិនទាន់ដឹងថា ក្រុមការងារនេះ នឹងធ្វើការបានលទ្ធផលយ៉ាងណានោះទេ ព្រោះអីកិច្ចប្រជុំហាក់ដូចជាដើរតាមក្រោយបទល្មើសយ៉ាងដូច្នោះដែរ។សូមជម្រាបថា កាលពីពេលថ្មីៗនេះ ក្រុមឈ្មួញបានធ្វើសកម្មភាពកាយដីយករ៉ែមាសយ៉ាងគគ្រឹកគគ្រេង។ សកម្មភាពនេះ បានបង្កឲ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋទៅលើអាជ្ញាធរពាក់ព័ន្ធ ជាពិសេសលើរដ្ឋបាលខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់លោកថង សាវុន។ប្រជាពលរដ្ឋបានរិះគន់ថា ក្នុងខណៈដែលឈ្មួញកំពុងមមារញឹកប្រព្រឹត្តបទល្មើស បែរជារដ្ឋបាលខេត្តសម្ងំឈឹងដែលសកម្មភាពនេះត្រូវបានប្រជាពលរដ្ឋសង្ស័យថា អាជ្ញាធរមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយពួកឈ្មួញបំពានច្បាប់ទាំងបីនាក់។ប្រភពបានឱ្យដឹងថា ក្រុមអ្នករត់ការដើម្បីឲ្យមានការបិទភ្នែកពីអាជ្ញាធរខេត្តពួកគេមានគ្នា៣រូបទី១.ឈ្មោះសេង សុជាតិ,ទី២-ឈ្មោះ តែ គឹមសាន និងទី៣-ឈ្មោះ មិនា ជាអ្នករត់ការសម្របសម្រួលនិងប្រតិបត្តិការនៅនឹងកន្លែងផ្ទាល់។ប្រភពបន្តថា អះអាងថា អណ្ដូងរ៉ែដែលអាចធ្វើសកម្មភាពបានដោយសារការបើកភ្លើងខៀវពីថ្នាក់ ដឹកនាំនៅក្នុងខេត្តរួចហើយ។ បើតាមប្រភពមើលទៅហាក់ដូចជាសមរម្យដែរ ពីព្រោះមកដល់ពេលនេះរដ្ឋបាលខេត្តមណ្ឌលគិរី ហាក់ធ្វើមិនឃើញចំពោះសកម្មភាពល្មើសច្បាប់របស់ពួកគេ។មុននេះទីតាំងខាងលើនេះ ត្រូវបានគណៈកម្មការជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះបង្ក្រាបម្ដងរួចមកហើយ។ ឥឡូវលួចដំណើរការសារជាថ្មី ដែលករណីនេះ ក្រុមអ្នករត់ការខាងលើ ចាត់ចែងកញ្ចប់ដោយរូបភាពណាមួយ ដើម្បីសុវត្ថិភាពក្នុងការលួចធ្វើរ៉ែមាស។ បើទោះបីជាមានការបែកធ្លាយព័ត៌មាននេះក៏ដោយក៏មិនឃើញមានចំណាត់ការនៅឡើយ ពោលគឺពួកគេនៅតែបន្តធ្វើសកម្មភាពជីកកកាយខួង យ៉ាងគគ្រឹក គគ្រេង៕MC