ខេត្តរតនគិរី៖ភ្លៀងនៅតែបន្តធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្តរតនគិរី ហើយទឹកនៅតាមដងទន្លេស្រែពក និងទន្លេសេសានឃើញថាកំពុងហក់ឡើងគួរឲ្យព្រួយបារម្ភ។អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនាគិរី បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក និងទន្លេសេសាននៃខេត្តរតនគិរី សូមឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។
មន្ទីរធនធានទឹកនិងឧតុនិយមខេត្តរតនគិរីបានបញ្ជាក់ថា ស្ថានភាពទឹកទន្លេស្រែពកនិងទន្លេសេសាន នៅវេលាម៉ោង៤និង០០នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ទឹកមានកម្ពស់ ១១.៦២ម៉ែត្រ កម្ពស់ប្រុងប្រយ័ត្ន ១២.៥០ម៉ែត្រ ទឹកនៅតែបន្តហក់ឡើងក្នុងកម្រិតយឺតៗនៅឡើយ ទឹកបានហូរចូលជន់លិចក្នុងតំបន់ទំនាបៗ ក្នុងឃុំមួយចំនួននៃស្រុកលំផាត់។
ដោយឡែកនៅភូមិស្រែពកតូច ឃុំសិរីមង្គម ស្រុកកូនមុំ ជំនន់ទឹកភ្លៀងបានហូរចូលដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួនហើយ បន្ទាប់ពីលោកអភិបាលស្រុកកូនមុំនិងក្រុមប្រឹក្សាស្រុកចុះទៅត្រួតពិនិត្យ ហើយឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នផងដែរ។លោកអភិបាលស្រុកលំផាត់និងស្រុកកូនមុំ ដែលរងនូវការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង បានរៀបចំត្រៀមទូកនិងកាណូតដើម្បីជួយជម្លៀសបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាជំនន់ទឹកភ្លៀង ជម្លៀសពួកគាត់យកមកទីទួលសុវត្ថិភាពបន្ទាប់ពីទឹកលិចខ្លាំង៕ដោយ៖សំខាន់