សៀមរាប៖យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប បានស្រាវជ្រាវ និងនាំខ្លួននារីម្នាក់ ជាម្ចាស់គណនីបណ្តាញសង្គមហ្វេសបុកឈ្មោះ Bu Er បានបង្ហោះជេរ មកលើកម្លាំងនគរបាលចរាចរណ៍ខេត្តសៀមរាប ដែលឈរកំពុងអនុវត្តន៍ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ។
នគរបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី២៤នេះថា សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងបណ្តាអង្គភាពសារព័ត៌មានអោយបានជ្រាបថា៖កម្លាំងនគរបាលខេត្តសៀមរាប បានស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចៅ លីដា ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ម្ចាស់គណនីបណ្តាញសង្គមឈ្មោះ Bu Er បានជេរប្រមាថទៅលើកម្លាំងសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ ធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។
នគរបាលបន្តថា ក្រោយការឃាត់ខ្លួន អាណាព្យាបាលជនសង្ស័យបានធ្វើលិខិតធានា និងសមត្ថកិច្ចបានធ្វើការអប់រំណែនាំមុនអនុញ្ញាតឲ្យវិលត្រឡប់ទៅគេហដ្ឋានវិញ។សូមរម្លឹកថា នារីខាងលើ បានបង្ហោះហ្វេសបុក ជេរនគរបាលចរាចរណ៍ខេត្តសៀមរាប កាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ និងបានស្រាវជ្រាវនាំខ្លួននៅថ្ងៃទី២៣ខែឆ្នាំដដែល។
ក្នុងនោះដែរសមត្ថកិច្ចស្នើឲ្យអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសបុកទាំងអស់ មុននិងបង្ហោះរិះគន់អ្វីមួយត្រូវមានភ័ស្តុតាងនិងគិតអំពីផ្លូវច្បាប់ផង៕ដោយ៖នាគព័ន្ធ