Wednesday, November 27, 2024
Header Banner

ភ្ញៀវទេសចរ ស្គាល់ខ្លោងទ្វារតាកាវកាន់តែច្រើន បន្ទាប់ពីជួសជុលរួចរាល់

ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ មានអ្នកទេសចរជាតិ -អន្តរជាតិកាន់តែច្រើនឡើងៗទៅទស្សនា និងថតរូបនៅខ្លោងទ្វារតាកាវ បន្ទាប់ពីក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានជួសជុលតួខ្លោងទ្វាររួចរាល់ រួមទាំងចម្លាក់ទេវតា និងអសុរៈទាញព្រ័ត្របានមួយចំនួន ហើយកែលម្អផ្លូវផង ងាយស្រួលភ្ញៀវទេសចរអាចឆ្លងកាត់ និងមានសុវត្ថិភាព។

លោក កុយ ភិរុណ ដែលខំស្កាត់មកតាំងពីខេត្តកំពត មានប្រសាសន៍ថា ខ្លោងទ្វារតាកាវ ស្ថិតនៅទិសខាងលិចនៃក្រុងអង្គរធំ មានចំណុចពិសេសជាងខ្លោងទ្វារផ្សេងៗទៀត ដោយសារតែខ្លោងទ្វារនេះ មានពន្លឺព្រះអាទិត្យរៀបលិចចាំងលើ ធ្វើឱ្យសម្រស់ខ្លោងទ្វារកាន់តែស្រស់ស្អាត។

ខ្លោងទ្វារតាកាវមិនត្រឹមតែជាកេរដំណែលរបស់បុព្វបុរសខ្មែរប៉ុណ្ណោះទេ ថែមទាំងអាចទស្សនាថ្ងៃរៀបលិច កសិន្ធុព័ទ្ធជុំវិញ ថតរូបជាមួយនិងប្លង់ស្អាតៗផង។ ក្រៅតែពីការថតរូប ទេសចរចំណាយពេល ចំណាយអារម្មណ៍ជាមួយទិដ្ឋភាពថ្ងៃរៀបលិច នឹងទទួលបានអារម្មណ៍ស្រស់ស្រាយទៅតាមធម្មជាតិ ផ្ទៃមេឃ ពន្លឺព្រះ អាទិត្យរៀបអស្តង្គត បូកជាមួយស្ថាបត្យកម្មដ៏អស្ចារ្យរបស់ដូនតា ដែលនេះជាការចងចាំដ៏ល្អ និងមានក្តីសុខផ្លូវចិត្ត។

ចំណែក លោក វណ្ណី ពិសិដ្ឋ មកពីភ្នំពេញ ក៏បានបង្ហាញចំណាប់អារម្មណ៍ភ្ញាក់ផ្អើលថា ពេលរូបលោក ឃើញខ្លោងទ្វារតាកាវ បន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានជួសជុលតួខ្លោងទ្វាររួចរាល់នេះ មានភាពរឹងមាំ និងស្រស់ស្អាតខ្លាំងណាស់ ហើយលោកក៏មិនធ្លាប់បានឃើញ ឬស្គាល់ពីមុនសោះឡើយ។ លោក វណ្ណី សរសើរថា នេះជាមោទនភាពរបស់ខ្មែរសម្រាប់ឱ្យក្មេងជំនាន់ក្រោយបានសិក្សាស្វែងយល់។  លោក វណ្ណី ពិសិដ្ឋ ចង់ឱ្យភ្ញៀវទេសចរគ្រប់រូបបានទៅទស្សនាទីនេះ  ព្រមទាំងថតរូបភាពស្អាតៗ យកទៅចូលរួមផ្សព្វផ្សាយពីសក្កានុពលនៃកន្លែងទេសចរណ៍ថ្មីនេះ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម