ខេត្តសៀមរាប៖នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅក្នុងពិធីទទួលទានអាហារ និងជួបសំណេះសំណាល ព្រមទាំងជូនដំណើរក្រុមភ្ញៀវទេសចរជនជាតិកូរ៉េប្រមាណ ៤០០នាក់ លោក ពិន ប្រាកដ អភិបាលរងខេត្ត ក្នុងនាមរដ្ឋបាលខេត្តសៀមរាប បានថ្លែងស្វាគមន៍ចំពោះការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរលើពិភពលោក មកកាន់ខេត្តទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិមួយនេះ ដើម្បីស្វែងយល់ពី សម្បត្តិបេតិកភណ្ឌពិភពលោក ធនធានធម្មជាតិកម្រ និងជីវចម្រុះដ៏សំបូរបែបរបស់កម្ពុជា។
លោក ពិន ប្រាកដ បន្ថែមថា ក្រៅពីដំណើរកម្សាន្តតាមប្រាសាទ និងតំបន់ធម្មជាតិមួយចំនួនក្នុងខេត្ត ក្រុមភ្ញៀវទេសចរកូរ៉េប្រមាណ ៤០០នាក់ ក៏ឆ្លៀតឱកាសចែករំលែកសេចក្ដីស្រឡាញ់ដល់កុមារកម្ពុជា តាមរយៈអំណោយជួយដល់សាលាបឋមសិក្សាតាទក ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាបផងដែរ។
ដំណើរកម្សាន្តប្រកបដោយអត្ថន័យនេះ បានបង្ហាញឱ្យឃើញថាវិស័យទេសចរណ៍ ក្រៅពីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម វាក៏បានភ្ចាប់ទំនាក់ទំនងរវាងវប្បធម៌ នៃជាតិសាសន៍មួយ និងជាមួយជាតិសាសន៍មួយទៀត ដែលបង្កើតបានជាមិត្តភាពរវាងប្រជាជាតិក្នុងសកលលោក។តាមការបញ្ជាក់របស់ លោក អេង ណាំ អ្នកសម្របសម្រួលដំណើរកម្សាន្ត ដែលមានកិច្ចសហការជាមួយក្រុមហ៊ុនទេសចរណ៍ Tour Fresh បង្ហាញថា សម្រាប់ជំហានបន្ទាប់ ភ្ញៀវទេសចរមកពីប្រទេសកូរ៉េអាចមានចំនួនច្រើនជាងនេះ ដោយសារតែភាពល្បីល្បាញនៃប្រាសាទអង្គរវត្ត និងប្រាសាទបុរាណនានា និងការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលអាចចុះចតយន្តហោះធុនធ្ងន់បានជាច្រើនគ្រឿង។
លោក អេង ណាំ ក៏បានលើកឡើងផងដែរ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អ ក៏ជាផ្នែកមួយជំរុញដល់ការទៅទស្សនាតំបន់រមណីយដ្ឋាននានាផងដែរ។ លោក រំពឹងថា កំណើភ្ញៀវទេសចរ អាចនឹងងើបឡើងមកវិញបណ្ដើរៗ ប៉ុន្តែមិនមានកំណើនខ្លាំងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះទេ ទោះបីវិបត្តិកូវីដ១៩ បានបញ្ចប់ទៅហើយក្ដី៕ស.រ
(ប្រភព៖ពីមន្ទីរព័ត៌មានខេត្តសៀមរាប )