Wednesday, November 27, 2024
Header Banner

អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាអំពីការងារចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈនិងបទល្មើសគ្រឿងញៀន

   ខេត្តសៀមរាប៖នៅសាលប្រជុំសាលាខេត្តសៀមរាប កាលពីថ្ងៃទី០៩ខែតុលាឆ្នាំ២០២៣នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សា ស្ដីអំពីការងារចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ បទល្មើសគ្រឿងញៀន និង ការងារគ្រប់គ្រងគ្រោះមហន្តរាយ រួមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាប្រធានតុលាការខេត្ត តំណាងអេយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការ មេបញ្ជាការងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ  ទីចាត់ការចំណុះសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័ននានាជុំវិញខេត្ត និង អភិបាលស្រុកក្រុងទាំង១២របស់ខេត្ត ។

    ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប មានប្រសាសន៍ថា បញ្ហាការងារចរាចរណ៍ ការងារសណ្តាប់ធ្នាប់សាធារណៈ និង បញ្ហាបទល្មើសគ្រឿងញៀន គឺជាកិច្ចការងារមួយយ៉ាងសំខាន់សម្រាប់ខេត្តសៀមរាបរបស់យើង ជាខេត្តទេសចរណ៍ ដែលត្រូវតែចាត់វិធានការឲ្យបានម៉ឺងម៉ាតបំផុត ដូច្នេះក្នុងឱកាសនេះ សូមឲ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក៏ដូចប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក និង មន្ទីរពាក់ព័ន្ធ ត្រូវចាត់វិធានការ រឹតបន្តឹងលើការអនុវត្តនូវច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបង្កើនការផ្សព្វផ្សាយ អប់រំដល់អ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរ និងរៀបចំយុទ្ឋនាការចែកខិតប័ណ្ណ ចំណាំងផ្លាត បំផុសឱ្យពាក់មួកសុវត្ថិភាពក្នុងពេលបើកបរឱ្យបានគ្រប់ៗគ្នាដើម្បីកាត់បន្ថយនូវភាគ្រោះថ្នាក់ជាយថាហេតុ ហើយសម្រាប់ការងារបង្រ្កាបគ្រឿងញៀនត្រូវតាមដាននិងអនុវត្តឲ្យបានជាប្រចាំ ជាពិសេសចំពោះមេខ្លោងចែកចាយគ្រឿងញៀន ដែលបានធ្វើចរាចរលួចលាក់នៅក្នុងមូលដ្ឋាន ។

   ឯកឧត្តម ប្រាក់ សោភ័ណ បន្តថា ៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្តារឡើងវិញលើវិស័យទេសចរណ ខណៈខេត្តសៀមរាប ជាប៉ូលដ៏សំខាន់ក្នុងវិស័យទេសចរណ៍ ដែលកត្តានេះហើយ បញ្ហាសណ្តាប់ធ្នាប់សារណៈ គ្រប់សមត្ថិច្ចពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការឲ្យបានល្អ ទាំងក្រុង ស្រុក តាមតំបន់ប្រជុំជន ពិសេសក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ធ្វើយ៉ាងណាត្រូវរក្សាឲ្យបានការងារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមទីសាធារណៈ នៅតាមដងផ្លូវទីប្រជុំជន  ទីវត្តអារាម ហើយគោលដៅបង្ក្រាបនិងអប់រំណែនាំគឺក្រុមក្មេងទំនើង ដែលតែងតែបង្កភាពអសន្តិសុខ តាមដងផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ ភ្ញៀវទេសចរណ៍ ក៏ដូចប្រជាពលរដ្ឋទូទៅ ។

   ឯកឧត្ដម ក៏បានក្រើនរំលឹកដល់អាជ្ញាធរក្រុងនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើការណែនាំដល់សាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវទាំងអស់ ដោយមិនអនុញ្ញាតឲ្យចតយានយន្តលើចិញ្ជើមផ្លូវ  ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ធ្វើឲ្យបាត់បង់នូវសោភ័ណភាព ពិសេសធ្វើឲ្យខូចខាតរាល់សំណង់ដែលបានរៀបចំរួចរាល់ ករណីណែនាំមិនឱ្យចតលើចិញ្ចើមផ្លូវហើយ នៅតែមិនអនុវត្តតាម សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តឲ្យខានតែបានទៅតាមវិធានការច្បាប់ ។

   ឯកឧត្តមអភិបាលខេត្តសៀមរាប បន្តទៀតថា ៖ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងរយៈពេលកន្លងមកនេះ បានធ្វើឲ្យខូចខាតផលដំណាំស្រូវប្រជាកសិករ ផ្ទះសម្បែង និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ព្រមទាំងគ្រោះថ្នាក់ដល់ជីវិតទៀតផង ហេតុនេះ មន្ទីរពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ក្នុងការជួយស្តារឡើងវិញក្រោយពីជំនន់ទឹកភ្លៀងស្រកអស់ សំខាន់គឺមន្ទីរកសិកម្ម ត្រូវត្រៀមបម្រុងគ្រាប់ពូជស្រូវ ពូជបន្លែ និងថ្នាំសម្លាប់សត្វល្អិត ជូនដល់ប្រជាកសិករ ដែលទទួលរងគ្រោះមហន្តរាយនេះ និងមន្ទីរសុខាភិបាល ក៏ត្រូវចុះធ្វើការផ្សព្វផ្សាយ អប់រំអំពីសុខភាព និង ព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ ៕AFN

ប្រភពពី៖មន្ទីរព័ត៌មានខេត្តសៀមរាប

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម