ខេត្តសៀមរាប៖ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុលបង្កាន់ដៃនាគប្រវែង៣៤ម៉ែត្រ នៅរោងទងទី១ ផ្នែកឦសានប្រាសាទបន្ទាយសំរ៉ែ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។
ចំពោះការជួសជុល ក្រុមការងារមានការលំបាកយ៉ាងខ្លាំង ដោយសារថ្មមានការបែកបាក់ច្រើន ហើយផ្នែកខ្លះនៃចម្លាក់ត្រូវបាត់បង់តម្រូវឱ្យអ្នកជំនាញស្វែងរកយកដាក់តាមទីតាំងដើមវិញ។
ការងារជួសជុលដែលចាប់ផ្តើមពីខែកក្កដាមកនោះ ពេលនេះ សម្រេចបានជាង៨០ភាគរយហើយ ការងារដែលនៅសេសសល់គ្រោងនឹងបញ្ចប់ឱ្យបានមុនដំណាច់ឆ្នាំ២០២៣ខាងមុខ។
សូមបញ្ជាក់ថា ប្រាសាទបន្ទាយសំរ៉ែ មានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចម្ងាយប្រមាណជា១០គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប។
ប្រាសាទនេះសាងឡើងនៅពាក់កណ្តាលគ្រិស្តសតវត្សរ៍ទី១២ ដើម្បីឧទិ្ទសដល់ព្រះនារាយណ៍៕AFN