ខេត្តសៀមរាប៖នៅថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៣ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ រៀបចំកិច្ចប្រជុំ ជាមួយ ម្ចាស់ ឬ មេការ នៃអាជីវកម្មផ្ដល់សេវាកម្សាន្ត និងអង្គភាពពាក់ព័ន្ធ ក្រោមប្រធានបទ “កិច្ចសហការ និងការចូលរួមឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ខេត្តសៀមរាប” ។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាប បង្ហាញថា ស្ថិតិអ្នកផ្ទុកមេរោគអេដស៍នៅលើពិភពលោកក្នុងឆ្នាំ២០២២ មានចំនួនប្រមាណ ៣៤លាននាក់ ក្នុងនោះ ១.៣លាននាក់បានឆ្លងមេរោគអេដស៍ថ្មីក្នុងឆ្នាំ២០២២ អ្នកស្លាប់មានចំនួនប្រមាណ ៦៣ម៉ឺននាក់ និង ចំនួន២៩.៨លាននាក់ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ឆ្នាំ២០២២។
ចំណែកនៅក្នុងប្រទេសកម្ពុជា ស្ថិតិក្នុងឆ្នាំ២០២២ចំនួនអ្នកផ្ទុកមេរោគអេដស៍មានចំនួនប្រមាណ ៧៦ម៉ឺននាក់ ដោយក្នុងនោះមនុស្សពេញវ័យមានចំនួន ៧៤ម៉ឺននាក់ ស្រ្តីប្រមាណ ៣៦ម៉ឹននាក់ និង កុមារចំនួនប្រមាណ ២ពាន់នាក់ ។ សម្រាប់ប្រទេសកម្ពុជា អត្រានៃការឆ្លងមេរោគអេដស៍ថ្មី ជាមធ្យម ៤នាក់ជារៀងរាល់ថ្ងៃ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោក មួង ណារិន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លើកឡើងថា កិច្ចប្រជុំនាពេលនេះ មានគោលបំណង បង្កើនទំនាក់ទំនង និងកិច្ចសហការល្អម្ចាស់អាជីវកម្ម និងបុគ្គលិកផ្ដល់សេវាកម្សាន្ត ក្នុងការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើក្រុមគោលដៅប្រឈមមុខខ្ពស់ ផ្តល់ការលើកទឹកចិត្ត និងគាំទ្រ ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកផ្ដល់សេវាកម្សាន្ត។ ការចូលរួមឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នាពេលនេះ ក៏នឹងផ្តល់នូវការយល់ដឹង ពីមេរោគអេដស៍ និងកាមរោគ អ្នកពាក់ព័ន្ធ ដើម្បីអប់រំផ្សព្វផ្សាយបន្ត សម្របសម្រួលដោះស្រាយ បញ្ហាផ្សេងៗពីសកម្មភាព ការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ លើកក្រុមគោលដៅប្រឈមមុខខ្ពស់ផងដែរ៕AFN
(ប្រភព៖មន្ទីរព័ត៌មានខេត្តសៀមរាប)