ប៉ៃលិន៖នៅមន្ទីរសុខាភិបាលខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ក្រុមគ្រូពេទ្យទាំងអស់ ត្រូវខិតខំបំពេញការងារ ឱ្យបានច្បាស់លាស់ តាមមុខជំនាញរៀងៗខ្លួន ដើម្បីធានានូវការអនុវត្តការផ្តល់សេវាសុខមាលភាព ជូនប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌គ្រូពេទ្យ ដោយប្រើឥរិយាបទ ពាក្យសំដី ឱ្យបានសមរម្យ ជាមួយអ្នកជំងឺ ទើបមានការគាំទ្រ និងកោតសរសើរ ពីប្រជាពលរដ្ឋមកវិញ។
លោកស្រី អភិបាលខេត្ត ក៏បានមានប្រសាសន៍បន្តថា៖ ក្នុងសម័យកាលបច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើប និងជឿនលឿន ក្នុងនោះដែរ ក៏ទាមទារឱ្យមន្រ្តីសុខាភិបាលរបស់យើង ត្រូវខិតខំបង្កើនសមត្ថភាព ទៅតាមជំនាញរបស់ខ្លួន ឱ្យបានខ្លាំងជាងមុន ដើម្បីយើងដើរឱ្យទាន់វិស័យសុខាភិបាលនឹងប្រទេសជិតខាង ឬប្រទេសនានាលើសកលលោក ព្រោះវិស័យសុខាភិបាល ពិតជាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សជាតិរបស់យើង។ លោកស្រី បាន ស្រីមុំ មានប្រសាសន៍បន្ថែមទៀតថា៖ ការពង្រឹងសមត្ថភាពលើជំនាញវិជ្ជាជីវៈ របស់លោកគ្រូ អ្នកគ្រូពេទ្យនេះ វានឹងធ្វើឱ្យវិស័យសុខាភិបាលរបស់យើង កាន់តែមានទំនុកចិត្តមកលើបងប្អូនប្រជាពលរដ្ឋ ពិសេសវាអាចធ្វើឱ្យពលរដ្ឋមួយចំនួនងាកមកទទួលសេវាសុខាភិបាលនៅក្នុងស្រុកវិញ ដូច្នេះហើយ ទន្ទឹមនឹងការពង្រឹងទាំងសមត្ថភាព ក្រមសីលធម៌នេះផងដែរ ក្រុមគ្រូពេទ្យរបស់យើងមួយចំនួនតូច ក៏ត្រូវតែកែប្រែឬផ្លាស់ប្តូរឥរិយាបទ សំដីសំដៅមួយចំនួនមិនសមរម្យចេញ ហើយយកចិត្តទុកដាក់ខិតខំបម្រើសេវាសុខាភិបាលនេះជូនបងប្អូនប្រជាពលរដ្ឋរបស់យើងឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ។
ជាមួយគ្នានេះ លោកស្រីអភិបាលខេត្ត ក៏បានកោតសរសើរ ចំពោះក្រុមគ្រូពេទ្យជំនាញ ដែលកន្លងបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យតាមដានសុខភាពជូនប្រជាពលរដ្ឋ ព្រមទាំងបានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការគ្នាចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ដែលមានការសង្ស័យ ឬទើបវិលមកពីក្រៅប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩នាពេលកន្លងមកផងដែរ៕ដោយ៖រិទ្ធ