ខេត្តស្ទឹងត្រែង៖សេចក្តីរាយការណ៍បានឲ្យដឹងថា សត្វកន្ធាយក្បាលកង្កែបដ៏ចម្លែកមួយក្បាល បានជាប់សន្ទូចប្រជានេសាទ ហើយត្រូវបានសហគមន៍អូរច្រឡង់ ប្រគល់ទៅឲ្យអង្គការ w cs ធ្វើការព្យាបាលរបួសនិងធ្វើពិធីព្រលែងចូលទៅក្នុងទន្លេវិញកាលពីថ្ងៃទី ១៦ តុលាឆ្នាំ២០២៣។
លោកឃីន ម៉ានីប្រធានសហគមន៍អូតច្រឡង់ បានឲ្យដឹងថា សត្វកន្ធាយមួយក្បាលនេះត្រូវបានអ្នកនេសាទនៅក្នុងភូមិរបស់គាត់នេសាទបាន ដោយគាត់បានដាក់សន្ទូចនុយជន្លេនយកត្រី តែវាមិនស៊ីនោះទេ បែរជាជាប់ជើងវាទៅវិញបណ្ដាលឲ្យរងរបួស។
លោកប្រធានសហគមន៍បន្តទៀតថា ក្រោយពីរអ្នកនេសាទខាងលើនេសាទបានកន្ធាយបានរាយការណ៍មកលោក លោកក៏បានរាយការណ៍ទៅ អង្គការ (wcs) ដែលមានទីតាំងនៅក្នុងខេត្តក្រចេះ មកយកដើម្បីព្យាបាលជើងរបស់វាដែលជាប់សន្ទូចមានរបួស។
លោកថា:បន្ទាប់ពីអង្គការ( WCS)យកទៅព្យាបាលរបួសអស់រយៈពេល ១៤ថ្ងៃសត្វកន្ធាយបានជាសះស្បើយ ហើយនៅថ្ងៃទី១៦តុលាម្សិលមិញនេះ បាននិមន្តព្រះសង្ឃធ្វើពិធីសូត្រមន្តនិងមានការចូលរួមពីប្រជាសហគមន៍នេសាទ ឆ្មាំទន្លេ មន្ត្រីរដ្ឋបាលជលផលស្ទឹងត្រែង អង្គការ wcs ដើម្បីព្រលែងសត្វកន្ធាយចូលទៅក្នុងទន្លេវិញនៅត្រង់ចំណុចជាប់សន្ទូចកន្លែងដែលវាធ្លាប់រស់នៅ ដើម្បីធ្វើការអភិរក្សឲ្យវាបន្តពូជ។
សូមបញ្ជាក់ថាសត្វកន្ធាយកង្កែបមួយក្បាលនេះ ត្រូវបានអ្នកនេសាទដាក់សន្ទូចជាប់ជើងកាលពីថ្ងៃទី ២ ខែតុលាឆ្នាំ ២០២៣នៅចំណុចក្បាលកោះឈើទាលតូច ភូមិអូរច្រឡំ ឃុំអូរម្រះ ស្រុកសៀមបូក ៕AFN