ភ្នំពេញ៖កម្លាំងសមត្ថកិច្ចសហការគ្នាបំបែកសំណុំរឿងឃាតកម្ម សម្លាប់សង្សាដោយសារភ្លើងប្រច័ណ្ឌនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីល្ងាចថ្ងៃទី១៥ខែតុលាឆ្នាំ២០២៣រួចរត់គេចខ្លួនបាត់។ក្រោយទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវរហូតចាប់ជនដៃដល់បាននៅទី១៨ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង អធិការដ្ឋាននគរបាលក្រុងបាវិត និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ លឿង ផល្លី នៅចំណុចភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើកាំបិតបុ័ងតោ កាប់សម្លាប់លើជនរងគ្រោះឈ្មោះ ជឿន ស្រីហុង ពិតប្រាកដមែន មូលហេតុ ដោយសារប្រច័ណ្ឌ និងជនរងគ្រោះសុំបែក ទៅមានសង្សារថ្មី។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី៕AFN