ខេត្តសៀមរាប៖នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នេះតាមរយៈការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាលោក គិម វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកសូទ្រនិគម កម្លាំងផ្នែកអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម, កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចាន់ស, ពពេល, តាយ៉ែក និងកម្លាំងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា អធិការ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសូទ្រនិគម និងកម្លាំងសន្តិសុខឯកជន នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចុះពិនិត្យ រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទស្សនាសមិទ្ធផលថ្មី នៃរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជាដែលជារង្វាន់ដ៏ប្រពៃសម្រាប់ខេត្តសៀមរាប គឺអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ស្ថិតនៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ទន្ទឹមនឹងនេះ ក្រុមការងារយើងខ្ញុំស៊ូស្រក់ញើស គ្មានត្អូញត្អែរ គ្មានការនឿយហត់ តែក៏សូមសំណូមពរដល់បងប្អូនទាំងអស់ដែលអញ្ជើញមកទស្សនាមេត្តាជួយសហការ និងយោគយល់ដូចខាងក្រោម :- មិនអនុញ្ញាតអោយបងប្អូនធ្វើការលក់ដូរ និងចតយានយន្ត កង់ លើដងផ្លូវកៅស៊ូ (ផ្លូវហាយវេ-High Way) របស់អាកាសយានដ្ឋានជាដាច់ខាត ព្រោះដើម្បីជាកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនភ្ញៀវជាតិ-អន្តរជាតិ ក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។
សូមកុំបោះចោលសំរាមពាសវាលពាសកាល សូមជួយទុកដាក់វេចខ្ចប់សំរាមអោយល្អ ឫយកសំរាមដាក់តាមយានយន្ត និងកង់របស់បងប្អូនត្រឡប់ទៅវិញ ។- ជួយសហការជាមួយក្រុមការងារ ដើម្បីរៀបចំទុកដាក់ចំណតយានយន្ត និងកង់អោយមានរបៀបរៀបរយ ជៀសវាងការកកស្ទះចរាចរណ៍ និងសណ្ដាប់ធ្នាប់មិនល្អលើផ្លូវអាកាសយានដ្ឋានសម្រាប់ភ្ញៀវជាតិ-អន្តរជាតិ ឆ្លងកាត់៕ស.រ