Wednesday, November 27, 2024
Header Banner

នគរបាលស្រុកសំពៅលូន ឃាត់ខ្លួនគ្រូពេទ្យម្នាក់ករណីរំលូតកូនបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់

ខេត្តបាត់ដំបង៖សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រូពេទ្យឆ្មបមធ្យមម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះដោយសារតែគ្រូពេទ្យរូបនេះ បានធ្វើការរំលូតកូនអោយស្ត្រីម្នាក់បណ្តាលអោយនាងស្លាប់។

សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៣ និង ១០ នាទី រសៀល មានករណីការ រំលូតកូន បណ្តាលឲ្យស្ត្រីដែលមានគភ៌ រងរបួសនិងរហូតមានគ្រោះថ្នាក់ដល់ស្លាប់ កើតឡើង ចំនួន ០១ ករណី នៅចំណុចក្រុមទី០៧ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ជនរងគ្រោះឈ្មោះ ស. ម ឡ ភេទស្រី អាយុ ៣៦ ឆ្នាំ រស់នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទស្រី អាយុ ៥២ ឆ្នាំ មានទីលំនៅ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង មុខរបរពេទ្យឆ្មបមធ្យម បានធ្វើសកម្មភាព រំលូតកូនជនរងគ្រោះក្នុងផ្ទៃដែលមានអាយុ ៥ សប្តាហ៍ (ដោយការប្រើទុយោបូបយកកូនចេញ) រហូតជនរងគ្រោះ មានសភាព ជម្ងឺឈឺធ្ងន់ បញ្ចូនទៅព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ និងបញ្ជូនព្យាបាលជម្ងឺបន្តនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដោយជនរងគ្រោះមានសភាពយ៉ាប់យ៉ឺនខ្លាំងរហូតដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ៥០ នាទី ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។ បន្ទាប់ពីទទួលបណ្ដឹងពីសាច់ញាតិដែលត្រូវជាបងបង្កើតជនរងគ្រោះរួចមក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០ និង ៣២ នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទស្រី អាយុ ៥២ ឆ្នាំ មុខរបរពេទ្យឆ្មបមធ្យម បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តហើយ ដើម្បីអនុវត្តបន្តតាមផ្លវច្បាប់៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម