ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរី ទទួលអំណោយពីឧកញ៉ា ចិន សំណាង សម្រាប់ប្រើប្រាស់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ដោយទឹកចិត្តស្រលាញ់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនជាតិដើមភាគតិច ក្នុងខេត្តរតនគិរី នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញ បាននាំអំណោយប្រគល់ជូនឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីដើម្បីប្រើប្រាស់ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ។លោកឧកញ៉ា ចិន សំណាង បានឲ្យដឹងថា បើទោះបីជាអំណោយមានតិចតួចក្តី តែនេះជាទឹកចិត្តសទ្ធាជ្រះថ្លាជួយសម្រាលបន្ទុករដ្ឋបាលខេត្តបានមួយចំណែកដែរ។
លោកឧកញ៉ា ចិន សំណាង បានបន្តថា កន្លងមកនេះក្រុមការងារលោកបានជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់តាមតម្រូវការផងដែរ។លោកឧកញ៉ា បានបញ្ជាក់ឲ្យដឹងទៀតថា កន្លងទៅនេះរូបលោកបានអមដំណើរលោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាបឋមសិក្សា ហ៊ុន ស៊ីណាត នៅតំបន់ដាច់ស្រយាលស្ថិតក្នុងភូមិបរឡយ ឃុំកិះចុង ស្រុកបរកែវ និងចូលរួមជាពុទ្ធសាសនូបត្ថម្ភចូលរួមជាទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តបរឡយ ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី ជាហូរហែរ។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ថ្លែងអំណរអគុណជូនចំពោះលោកឧកញ៉ា ចិន សំណាង ដែលបានឧបត្ថម្ភសម្ភារ សម្រាប់រៀបចំចាត់ចែងក្នុងពិធីបុណ្យអុំទូកថ្នាក់ខេត្តនាថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងនោះដោយមានសម្ភាររួមមាន: ទឹកសុទ្ធកម្ពុជាចំនួន៣៣កេះ ទឹកក្រូចចំនួន៦០កេះ និងស្រាបៀរកម្ពុជាចំនួន៦០កេះផងដែរ៕ ដោយ៖សាវ័ន្ត