Wednesday, November 27, 2024
Header Banner

ព្រះមហាក្សត្រ យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីភាពសម្ពោធដាក់ឱ្យ​ប្រើ​ប្រាស់ជាផ្លូវការ ស្ពានហាលខាងលិច​ប្រាសាទ​អង្គរ​វត្ត។

   ពិធីនាថ្ងៃនេះ ក៏នឹងមានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ពី​សំណាក់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំង​សម្តេចៗ​ជាឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិជាច្រើនរូបផ្សេងទៀត។

  សូមបញ្ជាក់ថា «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ​២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន។

  បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនោះ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ប្រើជាច្រក​ចូលសម្រាប់​ការទស្សនាប្រាសាទអង្គរវត្ត ហើយស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត ប្រើសម្រាប់ជាច្រក​ចេញ​វិញ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម