ភ្នំពេញ៖យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដោយបញ្ជាក់ពីលទ្ធផលនៃការធ្វើតេស្ត លើសំណាក់របស់បុរសជនជាតិហុងគ្រីថា ពិតជាមានផ្ទុកវីរុសកូវី១៩ ប្រាកដមែន។សូមរម្លឹកថា ក្រោយពីកិច្ចសហការខិតខំស្វែងរកដោយអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តសៀមរាប បុរសជនជាតិហុងគ្រីរូបនេះ ត្រូវបានរកឃើញនៅវេលាម៉ោងប្រហែលជាង៩ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដោយគាត់បានសង្ងំនៅក្នុងផ្ទះវីឡាមួយ ក្នុងបុរីអាខេត ភូមិគ្រួស ឃុំស្វាយដង្គំ ក្រុងសៀមរាប ហើយក្រុមគ្រូពេទ្យបានទៅដឹកយកគាត់ និងភរិយា (មិនមានកូន និងមិនមានអ្នកផ្សេងនៅជាមួយឡើយ) មកដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបរួចរាល់ហើយដែរ។ គិតត្រឹមម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូដ-១៩ មានចំនួនសរុប២៧៦នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ២៧៤នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០១នាក់ និងនៅមន្ទីរពេទ្យខេត្តសៀមរាប ចំនួន ០១នាក់៕សូមអានខ្លឹមសារខាងក្រោម៖
ដោយ៖ដូនម៉ៅ