Wednesday, November 27, 2024
Header Banner

ឆ្នាំនេះខេត្តប៉ៃលិន មានបេក្ខជន-បេក្ខនារី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួនសរុប៦៤០នាក់ ស្រី៣៤២នាក់

ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ហុក សុផល អភិបាលរង ខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី០៦-០៧ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ដែលស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកតំណាងក្រសួងអប់រំ យុវជន និងកីឡា លោកអភិបាលរងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង/ស្រុក គណៈមេប្រយោគ អប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធាន មណ្ឌល អ្នកត្រួតពិនិត្យ តាមអាគារ ប្រធាន អនុប្រធានមន្ទីរក្នុងខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ សសយក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត បានលើកទឹកចិត្ត ដល់បេក្ខជនទាំងអស់ ត្រូវខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដែលបានដាក់ក្នុងការប្រឡង គោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុង នៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ ហើយលោក ក៏បានជូនពរឲ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡង ក្នុងនោះរដ្ឋបាលខេត្ត នឹងនៅតែបន្តផ្តល់រង្វាន់លើកទឹកចិត្ត សម្រាប់ក្មួយៗណា ដែលបានជាប់និទ្ទេសល្អ(A)។

បើយោងតាមរបាយការណ៍ របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន បានអោយដឹងថា៖ នៅក្នុងឆ្នាំសិក្សា ២០២២-២០២៣នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តប៉ៃលិន មានបេក្ខជនសរុបចំនួន ៦៤០នាក់ ស្រី ៣៤២នាក់៖ មណ្ឌលប្រឡង មានចំនួន២ មណ្ឌល , បន្ទប់ប្រឡង មាន ២៦បន្ទប់ ចំពោះបេក្ខជនថ្នាក់វិទ្យាសាស្រ្ត៖ មាន ១មណ្ឌល មានចំនួន ៦បន្ទប់ ដែលមានបេក្ខជនប្រឡងចំនួន១៤៥នាក់ ស្រី៩០នាក់។ដោយឡែកថ្នាក់វិទ្យាសាស្ត្រសង្គមវិញ មាន១មណ្ឌល និងមានបន្ទប់ចំនួន២០បន្ទប់ ដែលមានបេក្ខជនសររុប៤២៧នាក់ ស្រី២១៩នាក់ផងដែរ៕ដោយ៖ ភ្នំខៀវ ប៉ៃលិន

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម