ខេត្តសៀមរាប៖ក្រុមឆបោកអាជីពដែលមានការចាត់តាំងត្រឹមត្រូវហើយបានបោកលុយពលរដ្ឋនៅទូទាំងប្រទេសបានជាច្រើននាក់ ដោយប្រើរូបភាពប្ដូរពីលុយដុល្លារក្លែងទៅលុយបាត ត្រូវកម្លាំងនគរបាលខេត្តសៀមរាប សហការគ្នាបង្ក្រាបបានហើយនៅយប់ថ្ងៃទី៧ថ្ងៃខែវិច្ឆិកាឆ្នាំ ២០២៣ ចាប់ពីចំណុចក្រុងសៀមរាប រហូតដល់ស្រុកពួក។
នៅក្នុងប្រតិបត្តិការនោះគឺក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និង កិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
លោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា ប្រតិបត្តិការនោះដឹកនាំប្រតិបត្តិការណ៍ដោយលោកផ្ទាល់ និងបញ្ជាទៅលោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ កម្លាំងនគរបាលស្រុកពួក បានធ្វើប្រតិបត្តិការស្រាវជ្រាវពាក់ព័ន្ធនឹងករណី ឆបោក មានស្ថានទម្ងន់ ទោស ( ប្រព្រឹត្តិដោយសហចារី ) កាលពីវេលាម៉ោង ២០និង០០នាទី ថ្ងៃទី ០៧ខែវិច្ឆិកាឆ្នាំ ២០២៣ ត្រង់ចំណុចផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប រហូតឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ មានឈ្មោះដូចខាងក្រោម។
១-ឈ្មោះ ជី តាយ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ គក់ជេរថយន្ត ទីលំនៅបច្ចុប្បន្នភូមិប្រឡាយហ្លួងលើ ឃុំឬស្សីក្រោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ២-ឈ្មោះ ជាម ដា ភេទប្រុសអាយុ៤២ ឆ្នាំ មុខរបរ លក់ម៉ូតូទីលំនៅបច្ចុប្បន្ន ភូមិអូរស្មាច់ ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ ។ ៣-ឈ្មោះ ឈឹម សុភ័ណ្ឌ អាយុ ៤៧ឆ្នាំ មុខរបររកស៊ី ទីលំនៅបច្ចុប្បន្នភូមិសែសិន ឃុំអូរអំបិល ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។ ៤-ឈ្មោះ ព្រឹល តន ហៅហេង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររកស៊ី ទីលំនៅបច្ចុប្បន្នភូមិបន្ទាយទី២ ឃុំអូរសំពរណ៍ ស្រុកម៉ាឡៃ ខេត្តបាត់ដំបង ។៥-ឈ្មោះ អ៊ឹង លីហុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបររកស៊ី ទីលំនៅបច្ចុប្បន្នភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ។ ៦-ឈ្មោះ អ៊ឹង វាសនា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររកស៊ី ទីលំនៅបច្ចុប្បន្នភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។
លោកបន្ថែមថា ដំណើររឿង នៅវេលាម៉ោង ២០និង០០នាទី ថ្ងៃទី០៧ ខែ១១ ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលសេចក្តីរាយការណ៍ពីជនរងគ្រោះ បានរាយការណ៍មកថា មានក្រុមជនសង្ស័យចំនួន០១ក្រុម កំពុងឆបោក ដោយប្រើរូបភាព ឲ្យជនរងគ្រោះយកប្រាក់ចំនួន៥០០០ដុល្លារ ទៅដូរយកប្រាក់ បាត ពីពួកគេចំនួន ១៧៧,៥០០បាត ដោយឲ្យជនរងគ្រោះចំណេញ ៤០% ។តែជនរងគ្រោះមានការសង្ស័យថាត្រូវបានគេរៀបគំរោងឆបោក ទើបជនរងគ្រោះរាយការណ៍មកសមត្ថកិច្ចតែម្តង។ក្រោយពេលកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការ ក្រុមជនសង្ស័យបានដឹងខ្លួន និងបើករថយន្តសំដៅមកបំបុកកម្លាំងសមត្ថកិច្ច ធ្វើឲ្យខូចខាតម៉ូតូចំនួន០១គ្រឿង។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានព្យាយាមដេញតាមឃាត់រថយន្តរបស់ ជនសង្ស័យចាប់ពីចំណុចខាងកើតសណ្ឋាគារសុខា ផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា មកដល់ចំណុចមុខផ្សារពួក ក៏ត្រូវកម្លាំងនគរបាលយើងសហការជាមួយកម្លាំងនគរបាលអធិការស្រុកពួក និងកម្លាំងនគរបាលអន្តរាគមន៍ធ្វើការឃាត់ខ្លួនបានចំនួន០៦នាក់ និងរថយន្ត ចំនួន០២គ្រឿង យកមកធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់តែម្តង។
តាមចម្លើយរបស់ជនសង្ស័យទាំង០៦នាក់ ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន។ កន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាព ចំនួន០២លើក ក្នុងខេត្តសៀមរាប រួចមកហើយ លើកទី១ កាលពីអំឡុងខែ តុលា ឆ្នាំ២០២៣ បានប្រាក់ចំនួន ៨០ម៉ឺនបាត លើកទី២ កាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រាក់ចំនួន ៤៣២,០០០បាត ធ្វើសកម្មភាពលើកចុងក្រោយ នេះក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
លោកបញ្ជាក់ថា ដកហូតវត្ថុតាងបានរួមមាន៖ រថយន្តចំនួន ០២គ្រឿង ១.ម៉ាក Lexus ព័ណ៌ស ស្លាកលេខ ភ្នំពេញ 2AL.1456 ២.ម៉ាកបាឡែន ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2AC.1031 និងប្រាក់ដុល្លាក្លែងក្លាយ ( លុយសែន ) ក្រដាស១០០ដុល្លារ ចំនួន១៦៣ សន្លឹក ។ បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី។
ពាក់ព័ន្ធនឹងករណីនេះដែរសមត្ថកិច្ចក៏បានសំណូមពរឲ្យបងប្អូនពលរដ្ឋ មេត្តាបង្កើនការប្រុងប្រយ័ត្នចំពោះករណីឆបោកខាងលើចៀសវាងចាញ់បោកជនខូចបែបនេះតទៅទៀត៕ដោយ៖AFN