ខេត្តសៀមរាប៖ស្ត្រីថៅកែទិញលៀស ដ៏ល្បីល្បាញនៅឃុំកំពង់ឃ្លាំង បានជេរប្រមាថនិងប៉ុនប៉ងប្រិអំពើហិង្សាមកលើអ្នកសារព័ត៌មាន១ក្រុម បន្ទាប់ពីពួកគាត់បានទៅថតផ្តិតយករូបភាពសកម្មភាពដឹកជញ្ជូនលៀសនិងដឹកត្រីនុយ ត្រូវបានជនរងគ្រោះប្ដឹងទារសំណងជំងឺចិត្តជិត៥០លានរៀល។
សូមរម្លឹកថា ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីថៅកែលៀសរូបនេះមានឈ្មោះចាន់ណា ហៅសុខ ជាមេឈ្មួញដើរប្រមូលទិញលៀសផ្តាច់មុខ ពីប្រជានេសាទ នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ជាច្រើនឆ្នាំមកហើយ។ដោយគេសង្ស័យថា ការប្រមូលទិញនេះមានភាពមិនប្រក្រតី ហើយការនេសាទនោះទៀតសោត ក៏អាចខុសនឹងច្បាប់កំណត់របស់រដ្ឋបាលជលផល ផងដែរ។ព្រោះការរកលៀសដោយទូកម៉ាស៊ីនខ្នាតធំៗគឺខុសច្បាប់យ៉ាងធ្ងន់ធ្ងរ អាចធ្វើឲ្យបាត់បង់ជីវចម្រុះក្នុងបឹងទន្លេសាប ដែលសមត្ថកិច្ចជំនាញត្រូវតែគិតគូរពីបញ្ហានេះ។
ពាក់ព័ន្ធនឹងករណីនេះដែរលោកឡុង វិបុល ចាងហ្វាងគេហទំព័រស្ម័គ្រជាតិ បានឲ្យដឹងនៅរសៀលថ្ងៃទី ៨ខែវិច្ឆិកានេះថា ពាក់ព័ន្ធនឹងករណីនេះ លោកបានប្តឹងស្ត្រីថៅកែលៀសខាងលើទៅស្នងការនគរបាលខេត្តសៀមរាប រួចហើយពីបទជេរប្រមាថជាសាធារណៈនិងប៉ុនប៉ងមនុស្សឃាតដោយទាមទារជំងឺចិត្តក្នុងម្នាក់ចំនួន ២០លានរៀល។
លោកបន្តថា ក្រុមលោកបានចុះទៅធ្វើការនៅតំបន់បឹងទន្លេសាបនៃឃុំកំពង់ឃ្លាំងនោះគឺដើម្បីទៅថតបទល្មើសនេសាទនិងការដឹកជញ្ជូនលៀសព្រមទាំងត្រីនុយដោយខុសច្បាប់។លោកបានបដិសេធទាំងស្រុងទៅនឹងការចោទប្រកាន់របស់ថៅកែលក់លៀសខាងលើថាក្រុមលោកបានទារលុយពីក្រុមអ្នកលក់លៀសគឺពុំមានករណីនោះកើតឡើងនោះទេ។
ចំណែកស្ត្រីឈ្មោះចាន់ណាហៅសុខ នៅមិនទាន់ទំនាក់ទំនងសុំការពន្យល់បំភ្លឺបានទេនៅរសៀលថ្ងៃទី ៨នេះ។ ជុំវិញករណីនេះដែរលោកស ម៉ាប់ នាយផ្នែករដ្ឋបាលជលផល កំពង់ឃ្លាំងបានឲ្យដឹងនៅថ្ងៃទី៨ នេះថា លោកបានទទួលព័ត៌មាននោះហើយចំពោះការដឹកជញ្ជូនលៀសគឺច្បាប់បានហាមប្រាមតែដឹកទៅក្រៅប្រទេសរីឯដឹកចែកចាយក្នុងស្រុកគឺមិនខុសច្បាប់នោះទេ។តែលោកនៅមិនទាន់បញ្ចាក់ពីការនេសាទលៀសរបស់ប្រជានេសាទសព្វថ្ងៃនេះខុសច្បាប់អ្វីខ្លះ។
ទោះជាយ៉ាងណាគេសង្ឃឹមថា សមត្ថកិច្ចជំនាញនិងជួយរកយុត្តិធម៌ជូនពួកគាត់ដែលរងការប្រមាថពីសំណាក់ឈ្មួញទិញលៀសខាងលើជាក់ជាពុំខាន៕AFN