ខេត្តសៀមរាប៖កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សារា បានចេញសេចក្តីជូនដំណឹងមួយ ពាក់ព័ន្ធនឹងការចែករំលែកវីដេអូ កាត់ត នៅប្រាសាទអង្គរវត្ត បង្ហោះក្នុងបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌ ដ៏ផូរផង់របស់កម្ពុជាដោយបានអំពាវនាវសូមឱ្យចូល រួមចំណែកជួយ ទប់ស្កាត់ នូវករណីអវិជ្ជមាននានា ដែលកើតមានឡើង ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាកិច្ចជួយពង្រឹងនូវតម្លៃនៃ មរតកវប្បធម៌ ដែលជាដួងព្រលឹងរបស់ជាតិ ។
សេចក្តីជូនដំណឹង បានសរសេរថា អាជ្ញាធរជាតិអប្សរា មានកិត្តិយស សូមជម្រាប សាធារណជន មេត្តាជ្រាបថា ថ្មីៗនេះ មានការចែករំលែកក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនង សង្គម នូវវីដេអូខ្លីថតនៅប្រាសាទអង្គរវត្ត អមដោយភ្លេង និងរូបភាពកាត់តបញ្ចូលផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា។អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូននូវករណីនេះ ដូចខាងក្រោម៖១- កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមភ្នាក់ងារទេសចរណ៍របស់ អាជ្ញាធរជាតិ អប្សរា បានហាមឃាត់អ្នកទេសចរបរទេសមួយចំនួន ដែលមានបំណងថតសម្លៀកបំពាក់ ច្នៃប្រឌិត ជាមួយនឹងសម្ភារៈមួយចំនួន។
បន្ទាប់ពីហាមមិនឱ្យប្រើប្រាស់សម្ភារៈមួយចំនួន មក ភ្នាក់ងារទេសចរណ៍ ក៏បានតាមពិនិត្យ និងបានស្នើសុំឱ្យលុបចោលរូបភាពមួយ ចំនួនផ្សេងៗទៀត ដែលមានលក្ខណៈមិនសមស្រប។ ជាយថាហេតុ សមាជិកនៅក្នុង ក្រុមនោះ ដែលបានប្រើប្រាស់ ទូរសព្ទដៃ ជាឧបករណ៍ថត អាចនឹងធ្វើការលាក់កំបាំង ហើយប្រើប្រាស់រូបភាពមួយចំនួន ទាំងក្នុង និងក្រៅប្រាសាទ យកមកកាត់តបញ្ចូលគ្នា ទាំងសម្លេង និងរូបភាពផ្សេងៗ ដើម្បីផ្សព្វផ្សាយ ក្នុងគោលបំណងមិនល្អ។២- ដោយសកម្មភាពជាវីដេអូឃ្លីប មានលក្ខណៈញុះញង់ ក្នុងសង្គម អាជ្ញាធរជាតិអប្សរា បានស្នើសុំក្រុមហ៊ុនបណ្តាញសង្គម Tik Tok ទប់ស្កាត់ការបង្ហោះវីដេអូឃ្លីប ក៏ដូចជា សំណូមពរដល់សាធារណជនទាំងអស់ សូមមេត្តាកុំចូលរួមចែករំលែកបន្ត ពីព្រោះជា ការគាំទ្រនូវការញុះញង់ ដល់សកម្មភាពអវិជ្ជមានទាំងនោះ។
ជាមួយគ្នានេះ អាជ្ញាធរ ជាតិអប្សរា សូមអភ័យទោស ចំពោះការខ្វះខាតមួយចំនួន ដែលកើតមានឡើងជាយថា ហេតុ ហើយប្តេជ្ញានឹងពង្រឹងកិច្ច ការងារក្នុងការថែរក្សានូវរូបភាពដ៏បវរនៃរមណីយដ្ឋាន អង្គរបន្ថែមទៀត។៣- អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រ ចំពោះស្មារតីចូលរួមរបស់ សាធារណមតិទាំងអស់ ដែលបានរួមចំណែកជួយទប់ស្កាត់ នូវករណីអវិជ្ជមាននានា ដែលកើតមានឡើង ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាកិច្ចជួយពង្រឹងនូវតម្លៃនៃ មរតកវប្បធម៌ ដែលជាដួងព្រលឹងរបស់ជាតិ៕ស.រ