សៀមរាប៖នៅព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២០ សប្បុរសជន ព្រមទាំងអាជ្ញាធរសង្កាត់ជ្រាវ នៃក្រុងសៀមរាប បានរួមគ្នានាំយកអំណោយយកមកចែកជូនពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងសង្កាត់ជ្រាវចំនួន៥០គ្រួសារដើម្បីដោះស្រាយការខ្វះខាតបានមួយចំណែកនារដូវកាលកូវីដ១៩នេះផងដែរ។ អាជ្ញាធរសង្កាត់ជ្រាវ បានឲ្យដឹងថា នៅព្រឹកនេះ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវចៅសង្កាត់រងទី១ ចៅសង្កាត់រងទី២ សមាជិកក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរគ្រប់ភូមិក្នុងសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ ព្រមទាំងសមាគមន៍នារីនិងក្រុមយុវជនសង្កាត់ បានចូលរួមចែកអំណោយដល់គ្រួសារដែលមានជីវភាពខ្វះខាតទាំង៧ភូមិក្នុងសង្កាត់ជ្រាវ ជាមួយសប្បុរសជន មានលោក ហាក់ សេង និងលោកស្រី , ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងបុត្រ ដែលបានជួយឧបត្ថម្ភដល់គ្រួសារដែលមានជីវភាពលំបាកខ្វះខាត ចំនួន៥០គ្រួសារ នៅក្នុងនោះក្នុងមួយគ្រួសារទទួលបាន៖អង្ករ ២០គីឡូក្រាម, ត្រីខ ០១យួរ, ប្រេងឆា ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ទឹកត្រី ០១យួរ, ប៊ីចេង ០១គ.ក, ស្ករស ០២គ.ក, អំបិល ០២គ.ក, ខ្ទឹមស ០២គ.ក រួមទាំងថវិកា ៥០,០០០រៀល។ក្នុងឳកាសនេះផងដែរ ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានមានប្រសាសន៍ថា ថ្ងៃនេះលោកហាក់ សេងនិងភរិយា ព្រមទាំងបុត្រ ព្រមទាំងឯកឧត្តម និងលោកស្រី ព្រមទាំងបុត្រ បាននាំយកអំណោយមកចែកជូនគ្រួសារពលរដ្ឋដែលខ្វះខាតនៅក្នុងសង្កាត់ជ្រាវ។ឯកឧត្តមបន្តថា ក្នុង១ឆ្នាំម្តងនារដូវបុណ្យភ្ជុំបិណ្យ លោកហាក់ សេង និងភរិយា តែងតែយកអំណោយទៅចែកជូនពលរដ្ឋក្រីក្រ ដែលមានទីតាំងផ្សេងៗគ្នា។ឯកឧត្តម ក៏បានសួរសុខទុក្ខពលរដ្ឋព្រមទាំងផ្តាំផ្ញើឲ្យបងប្អូនប្រឹងប្រែងធ្វើការដោយសុច្ចរិត និងថែរក្សាសុខភាពឲ្យបានល្អ និងកុំភ្លេចអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារពីជំងឺកូវីដ១៩ ទាំងអស់គ្នា។ ក្នុងនោះដែរ ពលរដ្ឋបានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង និងជូនពរឲ្យសប្បុរសជនមានសុខភាពល្អ ជោគជ័យការងារផងដែរ៕ដោយ៖នាគព័ន្ធ