ខេត្តសៀមរាប៖ ព្រះសង្ឃ១៤០អង្គ រួមទាំងតាជី យាយជី និងក្មេងវត្ត ដែលគង់ ស្នាក់ នៅវត្តពោធិលង្កា ហៅវត្តពោធិ៍លើ ស្ថិតក្នុងភូមិស្លក្រាម សង្កាត់ ស្លក្រាម ក្រុងសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ និងថ្នាក់ដឹកនាំព្រះសង្ឃនៅក្នុងខេត្តសៀមរាប បណ្តេញចេញទាំងអស់ នៅព្រឹកថ្ងៃទី ១៣ខែវិច្ឆិកាឆ្នាំ២០២៣នេះ ដោយយោងតាម សេចក្តីសម្រេច របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដែលឡាយព្រះហស្ថលេខាដោយ សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង។
សូមបញ្ជាក់ផងដែរថា រឿងរ៉ាវចម្រូងចម្រាស់រវាងព្រះសង្ឃនិងព្រះសង្ឃ ដែលចែកគ្នាជាពីរបក្ស បក្សមួយជារបស់ព្រះគ្រូចៅអធិការ ដែលមានព្រះនាមថា កែវ ខូយ និងបក្សមួយទៀត ក្រោមការដឹកនាំរបស់ព្រះសង្ឃដែលមានព្រះនាមថា ពេជ្រ ដេវីត។ ជម្លោះកាច់កុងដណ្ដើមអំណាចគ្នា ជាង១០ឆ្នាំមកហើយ តែពុំអាចសម្របសម្រួលគ្នាបាន ទើបគណៈសង្ឃនិងសម្ដេចសង្ឃ សម្រេចរំសាយព្រះសង្ឃដែលគង់នៅក្នុងវត្តនេះ ឱ្យទៅគង់នៅវត្តផ្សេងៗពីគ្នា។
ប្រភពព័ត៌មានបានឲ្យដឹងថា ព្រះគ្រូចៅអធិការព្រះនាម កែវ ខូយ បានគង់ធ្វើជាព្រះគ្រូចៅអធិការតាំងតែពីឆ្នាំ៩០ជាង ចំណែកឯព្រះសង្ឃព្រះនាម ពេជ្រ ដេវីត ទើបតែមកគង់ក្រោយព្រះអង្គ ហើយធ្លាប់បានបង្ករបញ្ហាដូចជា សែបគ្រឿងស្រវឹង សែបគ្រឿងញៀនជាដើម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ផ្សឹកម្ដងរួចទៅហើយ។
ក្រោយមកព្រះសង្ឃ ពេជ្រ ដេវីត បានបួសជាព្រះសង្ឃសាជាថ្មី ហើយមានពុទ្ធបរិស័ទមួយចំនួនដែលគាំទ្រ ដង្ហែលោកមកគង់នៅវត្តពោធិ៍លង្កាដដែល នេះហើយជាហេតុ ដែលនាំឲ្យទាំងដំបៅចាស់និងដំបៅថ្មី បានរីករាលដាលកើតជាមហារីក ឈានមកដល់ថ្ងៃវះកាត់ ធ្វើឲ្យប៉ះពាល់ដល់ ព្រះសង្ឃ តាជីយាយជី និងក្មេងវត្ត មួយចំនួន ដែលពុំបានរួមចំណែក ក្នុងជម្លោះ ដ៏រាំរៃនេះ។
ពាក់ព័ន្ធនឹងការបិទវត្តពោធិ៍លង្កានេះ ត្រូវបានពលរដ្ឋ ដែលនៅជិតវត្ត សម្តែងនូវការសាទរយ៉ាងខ្លាំង ពីព្រោះព្រះ សង្ឃនៅក្នុងវត្តនេះ បានបង្កើតបក្ខពួក និងតែងតែបង្កជម្លោះនៅក្នុងវត្តជាហូរហែរ និងជាយូរឆ្នាំណាស់មកហើយ។ ពលរដ្ឋរំពឹងថា ចំណាក់ការរបស់គណៈសង្ឃនាយក និងគណៈសង្ឃខេត្តនេះ នឹង ប្រែក្លាយទីអារាមមួយនេះ ឲ្យក្លាយជាទីកន្លែងគោរពសក្ការៈរបស់ពុទ្ធបរិស័ទឡើងវិញ៕AFN