ភ្នំពេញ៖អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ លោកនាយឧត្តមសេនីយ៍ គៀង សាវុធ បានចេញមុខបដិសេធ ករណីបាញ់បោះសេរីជាង២០០គ្រាប់នៅចំការតែ ភ្នំគិរីរម្យ ប្រសិនបើស្រាវជ្រាវរកឃើញថា លោក និងកូនជាអ្នកបង្កពិតមែន លោកព្រមបកស័ក្តិ និងហ៊ានប្រឈមមុខផ្លូវច្បាប់។
នៅក្នុងសារសំឡេងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ គៀង សាវុធ បានអះអាងថា «ខ្ញុំ នាយឧត្ដមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ សូមអះអាងចំពោះមុខច្បាប់ពីបញ្ហាការបាញ់បោះនៅចំការតែលើភ្នំគិរីរម្យ មិនមានឈ្មោះ គៀង សាវុធ មិនមានឈ្មោះ គៀង ចាន់តួ ទេ សូមមហាជនជ្រាប ហើយបើសិនតាមដានទៅឃើញពិតប្រាកដ ខ្ញុំសូមអះអាងចំពោះមុខច្បាប់ថា ទី១ គឺទទួលខុសត្រូវចំពោះមុខច្បាប់ អាចបកស័ក្តិចេញទាំងពីរនាក់ឳកូន។ ទី២ ចាប់ដាក់ពន្ធនាគារទាំងពីរនាក់ឳកូន សូមមហាជនជ្រាប នេះជាពាក្យពិតរបស់យើងខ្ញុំ គៀង សាវុធ»។
គួររំលឹកថា កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចចំការតែលើភ្នំគិរីរម្យ ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គេបានលឺស្នូរគ្រាប់កាំភ្លើងបាញ់រះជាច្រើនគ្រាប់កក្រើកព្រៃ បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍មកស្នាក់នៅទីនោះ ដែលប្រភពមួយចំនួនបង្ហើបថា ក្រុមអ្នកបាញ់បោះសេរីនេះ គឺជាក្រុមកូនក្មួយរបស់អ្នកធំម្នាក់ថ្នាក់នាយឧត្តមសេនីយ៍នៅក្រសួងការពារជាតិ។ ប្រភពបន្ថែមថា ឱ្យតែថ្ងៃចុងសប្តាហ៍ពួកគាត់មកកំសាន្តនៅដីចំការលំហែរបស់គាត់ហើយ គឺចាក់ធុងបាស់សំឡេងលឺខ្លាំង ផឹកស៊ីស្រវឹងបាញ់បោះគ្មានខ្លាចញញើតសមត្ថកិច្ចឡើយ។
នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងសមត្ថកិច្ចចុះពិនិត្យ និងស្រាវជ្រាវកន្លែងកើតហេតុបានរកឃើញសំបកគ្រាប់អាវុធខ្លី និងវែងប្រមាណជាង ២០០គ្រាប់ និងកំពុងបន្តនិតិវិធី៕AFN