ខេត្តសៀមរាប៖បក្សីចាំក្រុង ជាប្រាសាទតូចច្រឡឹងមួយ ដែលមានឃឿន៣ថ្នាក់ សាងឡើងរវាងដើមស.វទី១០ ក្រោយពេលដែលប្រាសាទលើភ្នំបាខែងសាងរួចហើយ។
មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ប្រាសាទបក្សីចាំក្រុង ស្ថិតនៅកណ្តាលព្រៃស្រោងខាងឆេ្វងផ្លូវ និងខាងជើងភ្នំបាខែង ប្រហែល១៥០ម៉ែត្រ មានកាំជណ្តើរស្ថាបនា ដោយថ្មបាយក្រៀម និងឥដ្ឋពណ៌ក្រហម។ នៅម្ដុំនោះមានប្រាសាទតូចៗមួយចំនួនទៀតសាងអំពីឥដ្ឋ ខ្លះបាំងបាត់ដោយរុក្ខជាតិ។ កាលជំនាន់កសាងនោះ ពុំមានសិលាចារិកអ្វីឡើយ។
លុះដល់ព្រះបាទរាជេន្ទ្រវរ្ម័ននាំរាជធានីពីកោះកេរ្តិ៍ មកតាំងនៅអង្គរសារថ្មីវិញ នៅគ.ស ៩៤៨ ទើបព្រះអង្គ ឱ្យគេចារិកកាព្យសំស្ក្រឹតនៅលើមេទ្វារ ដូចឃើញសព្វថ្ងៃនេះ។ សេចក្ដីនៃអក្សរថ្មនោះគួរជាទីចាប់អារម្មណ៍ក្រៃលែង ព្រោះមាននិទានអំពីបុព្វការីជនដំបូងបង្អស់ នៃជនជាតិខ្មែរ ក្នុងលំនាំជារឿងព្រេង។
ក្នុងនោះនិយាយថា ខ្មែរចុះតំណពូជពង្សមកពីឥសីមួយអង្គព្រះនាម “កម្ពុ” ដែលកើតឡើងដោយខ្លួនឯង (ស្វយម្ភ)។ ឥសីនោះទៅកប់ប្រសប់នឹងទេពកញ្ញាឈ្មោះ “មេរា” ទើបបង្កើតជាកូនចៅតរៀងមក។ បក្សីចាំក្រុងសាងនៅលើស្ថានីយ៍បុរេប្រវត្តិមួយ នៃយុគសម្រឹត៕ប្រភពពី៖អាជ្ញាធរជាតិអប្សរា