ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អ្នកដំណើរចំនួន ២០៨នាក់ បានមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) តាមជើងហោះហើរត្រង់ពីទីក្រុងស៊ីដនី (Sydney) ប្រទេសអូស្ត្រាលី ដោយប្រើប្រាស់យន្តហោះធុនធំ ប្រភេទប៊ូអ៉ីង (Boeing) 777-200។
ពិធីស្វាគមន៍ទទួលជើងហោះហើរដឹកជញ្ជូនអ្នកដំណើរនេះ ដោយមានការអញ្ជើញពីបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ថ្នាក់ដឹកនាំខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ក្រោយពីអាកាសយានដ្ឋានដ៏ថ្មីនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រលើកទី១ ដែលខេត្តសៀមរាប ក៏ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបង្ហាញពីលទ្ធភាព និងសមត្ថភាព ទទួលជើងហោះហើរត្រង់ពីតំបន់ឆ្ងាយៗ ដូចជាពី ប្រទេសអូស្ត្រាលី ដែលពីមុនអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ពុំអាចអនុញ្ញាចុះចតយន្តហោះធុនធំបាន ដោយសារមានការព្រួយបារម្ភ ពីផលប៉ះពាល់ប្រាសាទអង្គរវត្តជាបេតិកភណ្ឌពិភពលោក ដែលកើតឡើងដោយសារសម្លេងរំញ័រយន្តហោះធុនធំ និងហេដ្ឋារចនាសម្ព័ន្ធអាកាសយាននៅមានកំរិតជាដើម។ការហោះហើរត្រង់របស់យន្តហោះធុនធំនេះ ក៏ជំរុញ និងលើទឹកចិត្តដល់ការខិតខំប្រឹងប្រែងនានា ដើម្បីរៀបចំបើកជើងហោះហើរត្រង់ប្រក្រតី (Direct Scheduled Flights) ពីគ្រប់ទិសទីនៃអន្តរទ្វីបដូចជា អឺរ៉ុប មជ្ឈឹមបូព៌ា ឥណ្ឌា និងសហរដ្ឋអាមេរិកជាដើម តាមរយៈការប្រើប្រាស់យន្តហោះធុនធំ និងហោះហើរ រយៈចំងាយឆ្ងាយដោយមិនចាំបាច់ចុះសំចតក្នុងប្រទេសក្នុងតំបន់ (Transit) មកកាន់ខេត្តសៀមរាប ក្រោមគោលនយោបាយបើកចំហរជើងមេឃ របស់រាជរដ្ឋាភិបាលកម្ពុជា។
ការចុះចតដោយជោគជ័យនៃយន្តហោះធុនធំ ប្រភេទប៊ូអ៉ីង (Boeing) 777-200 បង្ហាញថាអាកាសយានដ្ឋានអន្តរជាតិសៀមរាប ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធានាសន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍ ជូនអ្នកដំណើរតាមផ្លូវអាកាស និងក្រុមហ៊ុនអាកាសចរណ៍ ប្រកបដោយផាសុខភាព ស្ថេរភាព និងចីរភាព៕AFN