Wednesday, November 27, 2024
Header Banner

ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ ភ្ញៀវទេសចរមានចំនួនប្រមាណ ៣០ម៉ឺននាក់ មកទស្សនាខេត្តសៀមរាប

ខេត្តសៀមរាប៖យោងតាមរបាយការណ៍របស់មន្ត្រីជំនាញបានឲ្យដឹងថា ក្នុងរយ:ពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅខេត្តសៀមរាប មានភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តចំនួន ៣០៤.២៦១នាក់ មានការកើនឡើងប្រមាណ ១០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមានចំនួន ២៧៦.៥៩២នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៩០ពាន់នាក់ មានការកើនឡើងប្រមាណ ១៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួនប្រមាណ ២៥០ពាន់នាក់ ប៉ុន្តែភ្ញៀវទេសចរបរទេសមានចំនួន ១៤.២៦១នាក់ ថយចុះចំនួន ៤៦,៣៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមានចំនួន ២៦.៥៩២នាក់ ។

មន្ត្រីជំនាញបន្ថែមថា តំបន់ទេសចរណ៍មួយចំនួនដែលមានភ្ញៀវទៅទស្សនាច្រើន រួមមាន ៖ តំបន់រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ១៤៧ពាន់នាក់ , រមណីយដ្ឋានភ្នំគូលែន មានចំនួនប្រមាណ ៨ពាន់នាក់ , តាមដងស្ទឹងសៀមរាប មានចំនួនប្រមាណ ១១០ពាន់នាក់ និង នៅតាមសហគមន៍ទេសចរណ៍មានចំនួនប្រមាណ ២៥ពាន់នាក់ ។

ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងឱកាសបិទការប្រណាំងទូក-ង នៅតាមដងស្ទឹងសៀមរាប បានបញ្ជាក់ថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅខេត្តសៀមរាប នាឆ្នាំ២០២៣នេះ អាចវាយតម្លៃជារួមបានថា ការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈបានប្រព្រឹត្តទៅល្អប្រសើរ ដោយគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានការប៉ះទង្គិចដោយអំពើហិង្សា អំពើឆក់ ប្លន់ និងបាតុភាព អវិជ្ជមានផ្សេងៗទៀតគួរឱ្យកត់សម្គាល់ឡើយ។

ឯកឧត្តម បន្តថា ស្ថានភាពអនាម័យបរិស្ថាន ក៏មានសភាពល្អប្រសើរជាងពេល មុនៗ ដោយនៅទីសាធារណៈ និងជុំវិញទីតាំងប្រារព្ធពិធី ក៏ដូចជា តាមបណ្តោយស្ទឹងសៀមរាប បញ្ហាចរាចរណ៍នៅក្នុងក្រុង និងនៅជុំវិញទីតាំងប្រារព្ធពិធីមានលក្ខណៈល្អប្រសើរ បើទោះបីជាមានការកកស្ទះនៅតាមកន្លែងខ្លះក៏ដោយ ក៏កងកម្លាំងសមត្ថកិច្ចយើងបានជួយសម្រួលចរាចណ៍បានទាន់ពេលវេលា និង ដំណើរការនៃការប្រណាំងទូក “ង” ក៏បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ បង្កលក្ខណៈសប្បាយរីករាយ អធិកអធម និងរក្សាបាននូវកិត្តិយស និងសេចក្តីថ្លៃថ្នូរ ៕ស.រ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម