ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅក្នុងប្រព័ន្ធគ្រុបតេលេក្រាមរបស់សម្ដេចនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៣នេះថា សម្តេចនឹងជួយទំនុកបម្រុងទាំងស្រុង ដល់សិស្សនិទ្ទេស A ដែលក្រខ្សត់ម្នាក់ ឈ្មោះ អន ផានិត និងក្រុមគ្រួសារមានឪពុកម្តាយជាជនមានពិការភាពរស់នៅក្នុងខេត្តកំពត ដែលជួបការលំបាក ឱ្យបានរៀនសូត្រ និងរស់នៅសមរម្យឡើងវិញ។
នៅក្នុងបណ្តាញតេលេក្រាមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យឯកឧត្តម សេង ទៀង ជំនួយការរបស់សម្តេចរៀបចំថវិកាដើម្បីជួយក្មេងប្រុសខាងលើ និងជួយសងបំណុល ដែលគ្រួសារក្មេងខាងលើជំពាក់គេផងដែរ។
សម្តេចស្នើឱ្យរៀបចំកន្លែងស្នាក់នៅជាមួយ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងអង្គរក្សរបស់សម្តេច ព្រមទាំងស្វែងរកសាលាឱ្យក្មេងនេះ រៀនជំនាញនៅសាកលវិទ្យាល័យ ព្រមទាំងទិញម៉ូតូ ដើម្បីឱ្យយុវសិស្សក្រីក្រី អន ផានិត ដែលមានឪពុកម្តាយសុទ្ធសឹងតែជាអ្នកមានពិការភាពនោះ ធ្វើដំណើរទៅរៀននៅសាកលវិទ្យាល័យផងដែរ។
សម្តេចក៏ណែនាំឱ្យរៀបចំសង់ផ្ទះថ្មីមួយជូនដល់គ្រួសាររបស់ យុវសិស្ស អន ផានិត ព្រមទាំងទំនុកបម្រុងថវិកាដល់គ្រួសារ១ខែ១លានរៀលផងដែរ។
សូមបញ្ជាក់ថា បេក្ខជនប្រឡងបាក់ឌុប ជាប់និទ្ទេស «A» ឈ្មោះ អន ផានិត រៀននៅវិទ្យាល័យសម្ដេចជាស៊ីម អង្គរជ័យ រស់នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ បើទោះបី ជីវភាពខ្វះខាត ហើយឪពុកម្ដាយពិការ ប៉ុន្ដែយុវជន អន ផានិត បានតស៊ូខិតខំប្រឹងប្រែងរៀនសូត្រ រហូតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់បាននិទ្ទេស «A» ហើយនៅថ្ងៃខាងមុខ មានបំណងចង់បន្ដសិក្សាផ្នែកវិស្វករ៕AFN