ខេត្តបន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថារថយន្តសាំយ៉ុងមួយគ្រឿង បានក្រឡាប់ធ្លាក់ទៅលើចិញ្ចើមផ្លូវចេញសុទ្ធតែសត្វពពេរស់ជាច្រើនក្បាលច្រកក្នុងការ៉ុង ដែលគេសង្ស័យថានាំចេញពីប្រទេសថៃ។
ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសុរិយាថ្ម ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
រថយន្តសាំយ៉ុងពាក់ស្លាកលេខភ្នំពេញ ២K.៩៧៤៨ បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីលិចមកកើតមិនដឹងមូលហេតុអីក៏រ៉េចង្កូតធ្លាក់ចញ្ចើមផ្លូវបណ្តាលក្រឡាប់ផ្ងាជើងចេញមកសុទ្ធតែពពែច្រកការ៉ុងឃើញតែក្បាលព្រាត។
បើតាមអ្នកបើកបររថយន្តខាងលើបានឱ្យដឹងថា មូលហេតុដែលក្រឡាប់រថយន្ត គឺរថយន្តបែកកង់មុខខាងស្តាំបណ្តាលឱ្យទាញចង្កូតធ្លាក់ផ្លូវក្រឡាប់តែគ្មានរងគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ក្រៅតែខូចខាតរថយន្ត ហើយនឹងង៉ាប់ពពែជាច្រើនក្បាល។
ក្រៅពីមូលហេតុនៃការក្រឡាប់ខាងលើតៃកុងរថយន្តមិនបានប្រាប់ថាសត្វពពែដែលរថយន្តបានដឹកថានាំចូលពីណាឬប្រភពមកពីណាមានច្បាប់ឬអត់នោះទេ ប៉ុន្តែបើតាមប្រភពខ្លះបាននិយាយថា រថយន្តសាំយ៉ុងដែលក្រឡាប់ចេញពពែនេះ អាចនឹងដឹកចេញពីច្រកព្រំដែនកម្ពុជា-ថៃដោយខុសច្បាប់ ចូលមកចែកចាយក្នុងខេត្តបន្ទាយមានជ័យ ព្រោះបើដឹកពីកសិដ្ឋានគួរតែមានការបញ្ជាក់ច្បាស់ពីទីតាំងកសិដ្ឋាននោះ ស្ថិតនៅកន្លែងណាមួយរបស់ខេត្ត ប៉ុន្តែតៃកុងរថយន្តបែរជាមិនអាចបញ្ជាក់ឈ្មោះកសិដ្ឋានរបស់ខ្លួនឡើយ។
ប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា ករណីនេះមិនឃើញមានសមត្ថកិច្ចណាចុះមកពិនិត្យនោះទេ។
ពាក់ព័ន្ធនឹងករណីនេះដែរ អ្នកសារព័ត៌មានយើងនៅមិនទាន់អាចទាក់ទងសុំការពន្យល់បានទេពីប្រធានការិយាល័យបសុព្យាបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៧ ខែធ្នូនេះ៕AFN