Tuesday, November 26, 2024
Header Banner

ជនល្មើសបើករថយន្តបុកម៉ូតូបណ្តាលឲ្យស្លាប់មនុស្សម្នាក់ រួចគេចខ្លួន ហើយបញ្ជូនសន្តិសុខមកយកកាំភ្លើង…

ខេត្តបន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ជនល្មើសបើករថយន្តស៊េរីទំនើបបុកម៉ូតូស្លាប់មនុស្សម្នាក់រួចរត់គេចខ្លួន ហើយក៏បញ្ជូនសន្តិសុខមកយកកាំភ្លើងខ្លីចេញពីរថយន្តដើម្បីលាក់ការ តែត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០០.១០នាទី យប់ឈានចូលថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខផ្លូវចូលវត្តស្ទឹងបត់ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ប្រភពបន្តថា ពេលកើតហេតុមានម៉ូតូម៉ាកវេវ កម្លាំងសេស110 ពណ៌ខ្មៅ គ្មានផ្លាកលេខបើកបរដោយក្មេងប្រុសម្នាក់អាយុ១៤ទៅ១៥ឆ្នាំ ទិសដៅពីលិចទៅកើត ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក FORTING T5 EVO ( ហ្វតស៊ីង ធីហ្វាយ រីវ៉ូ) ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ2BS-6765 បើកបរពីកើតទៅលិចបញ្ជ្រាស់ទិសគ្នាបុកគ្នាពេញទំហឹង រុញម៉ូតូនិងជនរងគ្រោះប្រហែល១០០ម៉ែត្រ រថយន្តធ្លាក់ប្រឡាយផ្ញារជើង ចំណែកម៉ូតូខ្ទិចគ្មានសល់ អ្នកបើកបរម៉ូតូបែកក្បាលបាក់ដៃជើង ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែង។

ក្រោយពេលកើតហេតុស្រាប់តែមានមនុស្សមជម្លៀសតៃកុងរថយន្ត ដែលសង្ស័យជាជនជាតិចិន រត់គេចខ្លួនបាត់ស្រមោល ហើយបានបញ្ជាឲ្យសន្តិសុខម្នាក់ ជិះម៉ូតូម៉ាក Lambrella (ឡាំប្រេតា) មកយកកាំភ្លើងចេញពីក្នុងរថយន្តដែលក្រឡាប់ផ្ញើជើងនៅក្នុងប្រឡាយនោះ តែត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់ជាប់យកទៅសួរចំលើយ នៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។

ពេលផ្តល់សម្ភាសន៍ សន្តិសុខរូបនោះបញ្ជាក់ថា មេខ្លួនត្រូវជាប្អូនហ៊ាចាយ បានបញ្ជាខ្លួនមកយកសម្ភារៈចេញពីក្នុងរថយន្ត ហើយខ្លួនបំរើការងារនៅក្រុមហ៊ុនសន្តិសុខការ៉េប្រាំបី(8888)។ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍បានមកធ្វើការបាញ់ថ្នាំ ស្ទូចយករថយន្ត និងម៉ូតូយកទៅទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីស្រាវជា្រវរកតៃកុងដែលបើកបររថយន្តមកអនុវត្តតាមផ្លូវច្បាប់។

ចំណែកឯជនរងគ្រោះត្រូវបានក្រុមសង្គ្រោះបន្ទាន់ក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោកនួន នីគីដា វិចខ្ចប់យកទៅតំកល់ទុកនៅវត្តប្រជាធម្ម ឬវត្តដីថ្មីដើម្បីរកសាច់ញាតិមកទទួល៕ដោយ៖ភ្នំស្វាយ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម