ខេត្តសៀមរាប៖បើតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ធ្នូ ២០២៣មកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ភ្ញៀវទេសចរ មកពីបណ្តារាជធានី ខេត្ត បានចូលមកដើរកម្សាន្ត នៅតាមរមណីយដ្ឋាននានា រួមទាំងរាត្រីឆ្លងឆ្នាំនៅខេត្តសៀមរាប ឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៣ឈានចូល ឆ្នាំ២០២៤ មានចំនួនប្រមាណជា ជាង៣០នាក់ ក្នុងនោះភាគច្រើនដ៏លើសលុប គឺភ្ញៀវទេសចរក្នុងប្រទេស ។
តាមការប៉ាន់ប្រមាណនោះបានឲ្យដឹងថា ភ្ញៀវអ្នកដំណើរកម្សាន្តទាំងនោះ មានមកពីបណ្តារាជធានី ខេត្ត និងក្នុងខេត្ត ក្នុងដំណើរកម្សាន្តជាលក្ខណៈគ្រួសារ មានប្រមាណ ២៩៥ពាន់នាក់ និង ភ្ញៀវទេសចរណ៍បរទេស ៩ពាន់៦៤នាក់ ។
ក្នុងរបាយការណ៍ដដែលនោះ បានឲ្យដឹងថា គោលដៅសំខាន់ៗនៃដំណើរកម្សាន្តនោះ មានដូចជារមណីយដ្ឋានអង្គរ , រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន,តំបន់ទន្លេសាប,សហគមន៍ទេសចរណ៍-អេកូទេសចរណ៍និងតំបន់ផ្សេងៗក្នុងខេត្ត ។
តាមការកត់សម្គាល់ បណ្តាភ្ញៀវទេសចរទាំងនោះ បានជួបជុំគ្នាកម្សាន្តពេលរាត្រីឆ្លងឆ្នាំនៅក្រុងសៀមរាប ដូចជានៅផាប់ស្រ្ទីត និងនៅសួនច្បារព្រះរាជដំណាក់ផងដែរ៕ដោយ៖AFN