ភ្នំពេញ ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នារីម្នាក់រួមនិងបុរសម្នាក់ទៀត បានរងរបួសធ្ងន់ ខណៈមានរថយន្តស៊េរីទំនើបម៉ាក Mustang មួយគ្រឿង បើកបរដោយនារីវ័យក្មេងម្នាក់ ក្នុងល្បឿនលឿនបានរេចង្កូតបម្រុងទៅបុករទេះលក់នំបុ័ងសាច់ តែក៏បួងចង្កូតគេចផុតជ្រុលទៅបុករះម៉ូតូ២គ្រឿង រួមបង្គោលស្លាកសញ្ញាបាក់មួយដើម ហើយបន្តល្បឿនបើករត់តែត្រូវពលរដ្ឋ និងសមត្ថកិច្ចតាមឃាត់បានវិញ។
ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូជនរងគ្រោះទី១-ម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1KE-5620(ជិះដោយបុរសម្នាក់រងការខូចខាតធ្ងន់។ម៉ូតូជនរងគ្រោះទី២-ម៉ាកធូដេ ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 1JF-5396 ជិះដោយនារីម្នាក់ ខូចខាតខ្ទេចស្ទើរទាំងស្រុង។
អ្នកឃើញហេតុការបានឲ្យដឹងថា នៅមុនពេលកើតហេតុដោយមានរថយន្តស៊េរីទំនើម៉ាកMustang ពណ៌សលាយខៀវមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2BP-5110 បើកបរដោយនារីវ័យក្មេងម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣០ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនយ៉ាងលឿន ខណៈពេលបើកមកដល់ចំនុចកើតហេតុ ក៏បានរេចង្កូតមកស្ដាំបម្រុងទៅបុកកន្លែងលក់នំបុ័ង ស្រាប់តែបួងចង្កូតផុតរេចង្កូតទៅខាងឆ្វេងវិញ ជ្រុលទៅបុករះម៉ូតូ២គ្រឿង ដែលកំពុងឈប់និយាយទូរស័ព្ទនៅចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់។
ចំណែកឯរថយន្តបង្កវិញ បានបន្តល្បឿនបើករត់គេចរហូតដល់ខាងមុខការ៉ាស់ជួសជុលរថយន្តផ្លូវ១៩៩ ត្រូវបានអ្នកដឹកអីវ៉ាន់អនឡាញ និងសមត្ថកិច្ចដេញតាមឃាត់បានទាំងរថយន្តនិងអ្នកបើកបរ នាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋាបាលទំនប់ទឹក ដើម្បីសួរនាំបន្ត។
បច្ចុប្បន្នរថយន្តបង្កនិងម៉ូតូជនរងគ្រោះ ខាងលើត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕ដោយ៖AFN