ខេត្តស្ទឹងត្រែង៖កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បានចុះឃាត់ខ្លួនជនជាតិវៀតណាមចំនួន៤នាក់ពាក់ព័ន្ធក្នុងករណីខួងយករ៉ែដោយគ្មានច្បាប់អនុញ្ញាតនិងបានបញ្ជូនខ្លួនទៅកាន់តុលាការនារសៀលថ្ងៃទី ៧ ខែមករាឆ្នាំ ២០២៣។
ជនសង្ស័យជាជនជាតិវៀតណាមចំនួន៤នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ចំណុចភ្នំដាច់ ស្ថិតនៅក្នុងភូមិផ្អាវ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោកឧត្ដមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឲ្យដឹងថា ដោយមានការដឹកនាំ សម្រប សម្រួលនីតិវិធីដោយលោក នៅ យូណារិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន (មេភូមិ) ចុះបង្ក្រាបករណីការធ្វើប្រតិបត្តិការខួងយករ៉ែដោយគ្មានអាជ្ញាបណ្ណធនធានរ៉ែ ចំនួន២ទីតាំងនៅចំណុចខាងលើ។
លោកមេបញ្ជាការអាវុធហត្ថបានបញ្ជាក់បន្ថែមថាក្នុងប្រតិបត្តិការនេះយើងបានឃាត់ខ្លួនជនសង្ស័យជាជនវៀតជាតិវៀតណាមចំនួន ៤នាក់១-ឈ្មោះTRAN TRONGTANG ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម មុខរបរជំនាញសិក្សាដីរុករករ៉ែ មានទីលំនៅក្រុងហាណូយ ប្រទេសវៀតណាម។២-ឈ្មោះចឹង ថាយយឿង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរជំនាញសិក្សាដីរុករករ៉ែ មានទីលំនៅទីក្រុងហាណូយ ប្រទេសវៀតណាម។៣-ឈ្មោះងៀន អុងនឿង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកសិក្សាដីរករ៉ែ មានទីលំនៅក្រុងហាយណូយប្រទេសវៀតណាម។៤-ឡេ វ៉ាន់ទុន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរធ្វើចម្ការ មានទីលំនៅភូមិត្នោតម្លូ ឃុំត្នោតម្លូ ស្រុករវៀង ខេត្តព្រះវិហារ។ លោកថា:ក្នុងការបង្ក្រាបនេះយើងបានដកហូតវត្ថុតាងរួមមានរថយន្ត១គ្រឿងម៉ាកFORD RAVGER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-1383 ដែលជនសង្ស័យកំពុងបើករត់គេចចេញពីកន្លែងកើតហេតុ ចាប់យកវត្ថុតាងនៅកន្លែងកើតហេតុរួមមាន÷ ម៉ាស៊ីខួងរ៉ែ ២គ្រឿង, ម៉ាស៊ីនគោយន្ត ២គ្រឿង, ទុយោជ័រ៤, ហ្វុយដាក់ទឹក៤,ដែកបំពង់ទីប៤៦ដើម, ដែកបំពុងទីបធ្វើជើងជ្រែងទប់ម៉ាស៊ីន១២កំណាត់។- ឆែកឆេរនិងចាប់វត្ថុតាងក្នុងរថយន្តរបស់ជនសង្ស័យរួមមាន÷ ឧបករណ៍ស្រូបរុករករ៉ែចំនួន០៣គ្រឿង,ថ្ម ដីច្រកក្នុងថង់ប្លាស្ទិក ដែកឆក់ សម្រាប់យកទៅពិសោធន៍ មួយចំនួន។ ករណីនេះសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងសាកសួរជនសង្ស័យជនជាតិវៀតណាមទាំង០៤នាក់ខាងលើ បញ្ជាក់ឱ្យឃើញថាពុំមានឯកសារបទដ្ឋានគតិយុត្តិណាមួយអនុញ្ញាតឱ្យខួងរុករកធនធានរ៉ែ ពីស្ថាប័នជំនាញឡើយ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ ព្រមជាមួយវត្ថុតាងខាងលើកម្លាំងកងរាជអាវុធហត្ថកំពុងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី៕AFN