***សំណាញ់ច្បាប់ ពិតជាមិនលើកលែងឲ្យជនល្មើសដែលសម្លាប់គេរួចខ្លួននោះទេ…
ខេត្តសៀមរាប៖កម្លាំងនគរបាលខេត្តសៀមរាប សហការគ្នាចុះអនុវត្តដីកាបង្គាប់ចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ដោយចោទពី បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស វាយទៅលើបុរសជនរងគ្រោះបណ្តាលឲ្យស្លាប់ កាលពីអំឡុងឆ្នាំ២០២០រួចសម្ងំគេចខ្លួនមកស្នាក់នៅក្រុងសៀមរាប។
នគរបាលជំនាញបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ ទឹម ហួរ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចប្បុន្នភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៧ និង ៣០នាទីព្រឹក កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម បានចុះសហការណ៍ជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះអនុវត្តដីកាបង្គាប់ចាប់ខ្លួនលេខ: ៤៤៨/២០ ចេញដោយលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បណ្តាលឲ្យស្លាប់ជនរងគ្រោះ) ប្រព្រឹត្តកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
បច្ចប្បុន្នជនត្រូវចោទខាងលើ ត្រូវបានប្រគល់ និងទទួលទៅឲ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជាម្ចាស់ករណី ដើម្បីបន្តនីតិវីធី៕ដោយ៖AFN