Tuesday, November 26, 2024
Header Banner

ចោរឆក់គ្រូបង្រៀនជាប់កិច្ចសន្យាបណ្តាលឲ្យដួលម៉ូតូរងរបួស និងបាត់បង់សម្ភារ:មួយចំនួននៅស្រុកកូនមុំ

ខេត្តរតនគិរី៖គ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់ ត្រូវបានចោរឆក់យកកាបូប បណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់
កាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ តាមបណ្តោយផ្លូវជាតិលេខ៧៨ នៅត្រង់ចំណុចភូមិ១(ទួលសុក្រំ)ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វណ្ណា ណាង ភេទស្រី អាយុ២៣ឆ្នាំ មុខរបរជាគ្រូបង្រៀនជាប់កិច្ចសន្យា ពេលធ្វើដំណើរទៅបង្រៀនសិស្ស ក៏បានជួបម៉ូតូ១គ្រឿងជិះគ្នាពីរនាក់ប្រដេញតាមពីក្រោយបានធ្វើសកម្មភាពឆក់យកកាបូបបណ្តាលឲ្យដួលម៉ូតូ រងរបួសដៃជើងស្រាល ឈឺទ្រូង និងភ័យហាក់វង្វេងស្មារតី។

ប្រភពបានបន្តថា ម៉ូតូធ្វើសកម្មភាពឆក់នោះសងឌ្រីមពណ៌ខ្មៅ មិនចាំសេរីឆ្នាំ កាំបន្ទះស ជិះគ្នាពីរនាក់ វ័យចន្លោះពី១៥ឆ្នាំ ទៅ២០ឆ្នាំ បើកបរក្នុងទិសដៅស្របគ្នាពីស្រែអង្គ្រងទៅត្រពាំងក្រហម ដល់ចំណុចកើតហេតុឆក់រួចក៏ត្រឡប់មកខាងស្រែអង្គ្រងវិញ។

ជនរងគ្រោះខូចខាតម៉ូតូ និងសម្ភារៈបាត់បង់រួមមាន កាបូបខ្មៅស្ពាយចំហៀងចំនួន១ ក្នុងនោះមានថវិកា៣០.០០០រៀល ទូរសព្ទស្មាតហ្វូន១គ្រឿង កាតATM១ អ.ខ១។

ក្រោយពេលកើតហេតុ គេបានឃើញសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ និងកំណត់មុខសញ្ញាព្រមទាំងបានដាក់កម្លាំងដេញតាមស្ទាក់ឃាត់ខ្លួនជនសង្ស័យដែរ ប៉ុន្តែតាមមិនទាន់ ព្រោះរយះពេលកើតហេតុរៀងយូរបន្តិច បានជាសមត្ថកិច្ចទើបនិងដឹង និងភូមិសាស្ត្រស្មុគស្មាញផងដែរ។

តាមប្រភពពីប្រជាពលរដ្ឋល្អបានឲ្យដឹងថា នៅក្នុងស្រុកកូនមុំមានករណីប្រើប្រាស់និងចែកចាយគ្រឿងញៀនគ្រប់ទីកន្លែង ដូចជានៅក្នុងឃុំតឺនស្រុកកូនមុំ និងនៅក្នុងក្រុមហ៊ុនចម្ការចេករបស់វៀតណាមលក់ដូចបន្លែអញ្ចឹង មិនមានសមត្ថកិច្ចជំនាញចុះទៅទប់ស្កាត់និងបង្ក្រាបនោះឡើយ។

ប្រភពបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋមានការភ័យខ្លាចជាខ្លាំងដោយកូនចៅគាត់ចេញទៅបង្រៀននិងទៅធ្វើការឆ្ងាយៗហើយព្រួយបារម្ភពីសុវត្ថិភាពតាមផ្លូវ បន្ទាប់ពីមានក្រុមចោរឆក់ធ្វើសកម្មភាពនៅតាមដងផ្លូវ កាលពីមុនមិនមានទេ។

បងប្អូនប្រជាពលរដ្ឋសំណូមពរទៅដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសអធិការនគរបាលស្រុកកូនមុំមានវិធានការចុះទប់ស្កាត់និងបង្ក្រាបរាល់សកម្មភាពចោរឆក់និងករណីគ្រឿងញៀនជាដើម។ល។បើមិនដូច្នោះទេនោះ ពួកគាត់ដេកក៏មិនលក់ស្រួលខ្នងឡើយ ដោយភ័យខ្លាចពួកក្រុមនេះ៕ដោយ៖ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម