ខេត្តសៀមរាប៖កាលពីរាត្រីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សមាគមទេសចរណ៍កម្ពុជា ដែលហៅកាត់ថា(CATA) បានរៀបចំពិធីពិសារអាហារពេលល្ងាចទទួលស្វាគមន៍ គណៈប្រតិភូប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ដែលមានជំនាញក្នុងការសរសេរអំពីសក្តានុពលទេសចរណ៍ មកពីប្រទេសអូស្ត្រាលីចំនួន១៥រូប មកពីស្ថាប័នល្បីៗ ចំនួន៨ មកកាន់ខេត្តសៀមរាប រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា ឲ្យកាន់តែប្រសើឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បានដាក់ចេញ ។
នៅក្នុងពិធីនោះដែរ ដោយមានការចូលរួមពីលោក តុប សុភ័ក្រ រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ តំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ចន សាវេក មកពី eGlobal Travel Media តំណាងប្រតិភូប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសអូស្ត្រាលី, លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ព្រមទាំងមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ផងដែរ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានឲ្យដឹងថា មូលហេតុដែល(CATA) រៀបចំពិធីនេះឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អូស្ត្រាលី ព្រោះប្រទេសអូស្រ្តាលីជាទីផ្សារទេសចរណ៍ល្អ មានការចំណាយ មិនសូវជាតថ្លៃច្រើន ចូលចិត្តទិញវត្ថុអនុស្សាវរីយ និងជួយសហគមន៍។ ការដើរកម្សាន្តរបស់ពួកគាត់ច្រើនតែងជួយសហគមន៍មូលដ្ឋាន និងមិនសូវឆ្ងាយពីកម្ពុជា យើងមានការដឹកជញ្ជូនតាមអាកាសច្រើនជម្រើសដែរ។
លោកស្រី បន្តថា ទីផ្សារភ្ញៀវអូស្រ្តាលីល្អ ប្រសិនជាយើងអាចរួមគ្នា យើងដឹងហើយថា រាជរដ្ឋាភិបាលក៏មានការផ្សព្វផ្សាយ ក៏ប៉ុន្តែក្នុងនាមវិស័យឯកជនយើងត្រូវតែធ្វើការផ្សព្វផ្សាយបន្ថែមទៀត ដើម្បីឲ្យបានគ្រប់ជ្រុងជ្រោយ។
លោកស្រីបន្តថា អ្នកដែលធ្វើទីផ្សារអូស្រ្តាលី ក៏យើងមានស្រាប់ដែរ សុទ្ធតែជាអ្នកជំនាញៗ ទើបយើងអញ្ជើញពួកគាត់មក ដើម្បីសរសេរ ព្រោះអ្នកដែលនេះមកជាជើងចាស់ និងជំនាញខាងសរសេរអត្ថបទអំពីគោលដៅទេសចរណ៍ផងដែរ។ សង្ឃឹមថា គាត់បានមើលឃើញពីសក្កានុពលទេសចរណ៍ គោលដៅកម្ពុជា ល្អ មានសុវត្ថិភាព និងមានការទាក់ទាញច្រើនពីសំណាក់ទេសចរ។ ការសរសេររបស់គាត់នឹងជំរុញការហោះហើរត្រង់មកកាន់កម្ពុជាផងដែរ។
លោកស្រីបញ្ជាក់ថា ពួកគាត់បានទៅទស្សនាតំបន់ប្រាសាទ អេកូទេសចរណ៍ បឹងទន្លេសាប ដោយមិនសូវមានពេលច្រើន ព្រោះពួកគាត់មានបេសកកម្មច្រើនដែរ។ ការងារនេះ ផ្តោតលើខេត្តសៀមរាបខ្លាំង ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល គឺឆ្នាំទស្សនាខេត្តសៀមរាប ឬVisit Siem Reap ២០២៤។ យើងបានចូលរួម និងអនុវត្តន៍ភ្លាមៗតែម្ដង ដើម្បីចូលរួមក្នុងយុទ្ធនាការរបស់រាជរដ្ឋាភិបាល។
ប្រតិភូអ្នកសារព័ត៌មាននៃប្រទេសអូស្ត្រាលី បានឲ្យដឹងថា គោលបំណងរបស់អ្នកសារព័ត៌មានអូស្ត្រាលីនេះគឺដ៏សំខាន់លើការសរសេរព័ត៌មានពីវិស័យទេសចរណ៍នៅលើពិភពលោក ក្នុងនោះក៏ផ្ដោតសំខាន់ពីការសរសេរព័ត៌មានពីវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ជាពិសេសនៅខេត្តសៀមរាប ពួកគាត់នឹងសរសេរព័ត៌មានពីសក្តានុពលនៃវិស័យទេសចរណ៍នៅខេត្តសៀមរាបហើយក៏នឹងបង្ហាញឲ្យពិភពលោកដឹងថា ដើម្បីមកកំសាន្តនៅតំបន់ទេសចរណ៍សៀមរាបអង្គរ ភ្ញៀវទាំងអស់អាចធ្វើដំណើរតាម ផ្លូវគោក,ផ្លូវទឹកនិងផ្លូវអាកាស បានយ៉ាងងាយស្រួល។
សង្ឃឹមថា ជំនួបរវាងអ្នកសារព័ត៌មានល្បីប្រចាំប្រទេសអូស្ត្រាលី ជាមួយថ្នាក់ដឹកនាំក្រសួងទេសចរ និងអាជ្ញាធរខេត្តសៀមរាប ដែលរៀបចំដោយសមាគមទេសចរណ៍កម្ពុជា នេះក៏ជាផ្នែកមួយដ៏សំខាន់នៃការទាក់ទាញនូវវិស័យទេសចរណ៍ពីតំបន់អឺរ៉ុបជាពិសេសភ្ញៀវទេសចរណ៍នៃប្រទេសអូស្ត្រាលី បានស្គាល់ និងដឹងកាន់តែច្បាស់ពីតំបន់ទេសចរណ៍គ្រប់ប្រភេទនៅប្រទេសកម្ពុជាជាពិសេសនៅតំបន់រមនីយដ្ឋានអង្គរនៃខេត្តសៀមរាប តែម្តង៕ដោយ៖AFN