ខេត្តសៀមរាប៖នៅក្នុងខេត្តសៀមរាបក្រៅពីមានប្រាង្គប្រាសាទដ៏មហស្ចារ្យ ក៏មានព្រៃជាដែនជម្រកសត្វព្រៃដ៏មានសុវត្ថិភាព ដែលរដ្ឋបាលព្រៃឈើខេត្តសៀមរាប ជ្រើសជាទីតាំងសម្រាប់ព្រលែងសត្វកម្រប្រកបដោយសុវត្ថិភាព។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៣ខែមករាឆ្នាំ២០២៤ សត្វកន្ធាយយក្ស(ក្បាលកង្កែប)ដ៏កម្រចំនួន១ក្បាលទម្ងន់៣៦គីឡូក្រាមត្រូវបាន ឯកឧត្តមបណ្ឌិត វុធ ស៊ែ និងក្រុមការងាររបស់លោក ជាវពីអ្នកនេសាទយកមកព្រលែងនៅចំការពូជឈើគ្រញូង។នៅក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីលោកភឹង ចិន្តារ៉េត ,លោករត្ន័ ភារម្យ
ឯកឧត្តមបណ្ឌិត វុធ ស៊ែ បានមានប្រសាសន៍ឲ្យដឹងថា ដោយមានចិត្តអាណិតស្រលាញ់សត្វព្រៃដ៏ធំកម្រជួបប្រទះប្រភេទនេះ លោកក៏សុំទិញពីអ្នកនេសាទ ដើម្បីយកមកព្រលែងនៅចំការពូជឈើ គ្រញូង(បឹងឆ្អើរមាស) ស្ថិតក្នុងភូមិសាស្ត្រឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ព្រោះទីតាំងនោះមានអ្នកថែទាំការពារត្រឹមត្រូវជាប្រចាំ។ ឯកឧត្តមបន្តថា ការព្រលែងសត្វព្រៃក្នុងតំបន់ចំការពូជឈើគ្រញូង គឺក្នុងបំណងរួមចំណែកអភិរក្សសត្វព្រៃដែលបច្ចុប្បន្នកំពុងប្រឈមនឹងគ្រោះថ្នាក់និងការផុតពូជ។ ពិសេសសត្វព្រៃក៏ជាប្រភពដ៏សំខាន់មួយក្នុងការទាញទេសចរ ព្រោះវាមិនបានផ្តល់ផលអាក្រក់ឬគ្រោះថ្នាក់ដល់មនុស្សឡើយ បើមនុស្សមិនរំលោភបំពានលើពួកវា។ជាកិច្ចចុងក្រោយ ឯកឧត្តមបណ្ឌិតក៏បានស្នើឲ្យមន្ត្រីរដ្ឋបាលព្រៃឈើនៅទីនេះជួយថែរក្សាការពារសត្វដ៏កម្រទាំងនេះ ហើយក៏ជួយឧបត្ថម្ភដល់មន្ត្រីរដ្ឋបាលព្រៃឈើនិងអ្នកអភិរក្ស ចំនួន៣០០ដុល្លារសម្រាប់ដោះស្រាយនូវការងារបេសកកម្មនេះ។
លោកលី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានឲ្យដឹងថា នៅតំបន់ព្រៃពូជឈើគ្រញូងនេះ យើងមានភ្នាក់ងារបំពេញការងារជាប្រចាំ និងមានកាមេរាសុវត្ថិភាពសម្រាប់តាមដានសកម្មភាពសត្វ និងសកម្មភាពយាយីពីជនខិលខូចផងដែរ៕ដោយ៖AFN